មណ្ឌលគីរី៖ ក្រោមចំណារដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ទៅលើសេចក្ដីអនុម័តផែនការ​អភិវឌ្ឍន៍​វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី ដែលជាតំបន់ដ៏មានសក្ដានុពលជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិនោះ បណ្តាអ្នកជំនួញដីធ្លីក៏ដូចជា ក្រុមហ៊ុន​អភិវឌ្ឍន៍​នានា​បង្ហាញពីក្ដីសាទរយ៉ាងខ្លាំងជាមួយនឹងក្ដីរំពឹងថាអាចជួយលើកម្ពស់ទីផ្សារអចលនទ្រព្យផងដែរ។

ប្រធានសមាគមអចលនទ្រព្យសកល(GRA) លោកឧកញ៉ា សំ សុខនឿន បានបង្ហាញពីក្ដីសាទរនិងគាំទ្រទៅលើការសម្រេចដ៏ត្រឹមត្រូវរបស់រាជរដ្ឋា​ភិបាល​កម្ពុជា ក្នុងការកំណត់យកខេត្តមណ្ឌលគីរីជាគោលដៅទេសចរណ៍ធម្មជាតិកម្រិតអន្តរជាតិដោយបានដាក់ចេញឲ្យអនុវត្តតាមផែនការ​មេអភិវឌ្ឍន៍​យ៉ាង​ត្រឹមត្រូវ។

លោកឧកញ៉ាបានមានប្រសាសន៍ថាបច្ចុប្បន្ន ខេត្តមណ្ឌលគីរី កំពុងតែបង្ហាញពីសក្ដានុពលទៅលើវិស័ទេសចរណ៍ហើយក៏បានទាក់ទាញក្រុមហ៊ុនអភិវឌ្ឍន៍​មួយ​ចំនួន ចូល​ទៅបណ្តាក់ទុនវិនិយោគនិងអភិវឌ្ឍមួយចំនួនរួចទៅហើយដោយក្នុងនោះ មានទាំងក្រុមហ៊ុនអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍កម្សាន្តកែច្នៃ ក៏ដូចជា​ក្រុមហ៊ុនអភិវឌ្ឍន៍ជាប្រភេទលំនៅដ្ឋានបែបលំហែរផងដែរ ហើយក៏មានក្រុមហ៊ុនអភិវឌ្ឍន៍ពុះដីឡូតិ៍ចូលទៅផងដែរ។

លោកឧកញ៉ា សំ សុខនឿន បានមានប្រសាសន៍ថា “មណ្ឌលគីរីក៏ជាខេត្តដែលស្ថិតនៅក្នុងគម្រោងផែនការរបស់រាជរដ្ឋាភិបាល ​ក្នុងកំណត់ធ្វើជាប៉ូល​សេដ្ឋកិច្ច​ពិសេស​ប្រចាំប្រទេសផងដែរ រហូតមានការកំណត់ផែនការលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាពិសេសគម្រោងសាងសង់ព្រលាន​យន្ត​ហោះកម្រិតក្នុងតំបន់ ដើម្បីជួយសម្រួលនិងលើកម្ពស់វិស័យដឹកជញ្ជូន ការធ្វើដំណើររបស់អ្នកទេសចរ ក៏ដូចជាអ្នកវិនិយោគដើម្បីធ្វើយ៉ាងណាឲ្យខេត្ត​មួយ​នេះក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងទេសចរណ៍ក្នយងតំបន់”។

ជាមួយនឹងភាពត្រេកអរសាទរ ទៅនឹងសេចក្ដីសម្រេចនិងការអនុម័តលើផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រចាំខេត្តមណ្ឌលគីរីនេះ លោកឧកញ៉ាក៏បាន​បង្ហាញ​ពី​ក្ដីជឿជាក់ថា ក្រោយសេចក្ដីសម្រេចនេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលាយ ជាពិសេសមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ស្របតាម​ផែនការ​ នោះវានឹងជួយជំរុញដល់ទីផ្សារអចលនទ្រព្យ ជាពិសេសតម្រូវការប្រើប្រាស់ដីធ្លីសម្រាប់គម្រោងអភិវឌ្ឍន៍របស់វិស័យឯកជន ដែលទាំងអស់នេះសុទ្ធតែជា​កត្តាលីករ​ធ្វើឲ្យទីផ្សារតម្លៃដីឡើងថ្លៃជាងពេលបច្ចុប្បន្ននេះជាពិសេសទីតាំងដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍តែម្ដង។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលបានឯកភាពក្នុងការកំណត់អាទិភាពតំបន់សំខាន់ៗចំនួន៦ ដែលត្រូវរក្សាទុកសម្រាប់ការអភិវឌ្ឍ និងត្រូវកំណត់អំពី​វិសាលភាព​នៃសកម្មភាពវិនិយោគ ការអភិវឌ្ឍតំបន់ទាំងនេះឱ្យបានច្បាស់លាស់រួមមានទី១-តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាដីនៃដែន​ជម្រក​សត្វព្រៃទាំង៥, ទី២-តំបន់របៀងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ប៊ូស្រា-ដាក់ដាំ, ទី៣- ក្រុងសែនមនោរម្យទី៤ - តំបន់ស្រុកអូររាំងភ្ជាប់​ជាមួយការអភិវឌ្ឍអាកាសយានដ្ឋានខេត្តមណ្ឌលគីរី, ទី៥ - តំបន់ប្រជុំជននៃស្រុកកោះញែកនិង ទី៦ - តំបន់ ទេសចរណ៍សមាហរ័ណតាមច្រកព្រំដែន៕