ប្រជាជនខ្មែរយើងភាគច្រើន តែងមិនសូវចង់ជាប់បំណុលគេនោះទេ ហើយពេលខ្លះពួកគាត់យល់ថា អ្នកជំពាក់គេមិនមែនជាអ្នកមានពិតប្រាកដ ឬមិនមែនជាជម្រើសល្អក្នុងការសេពគប់ជាដើម។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុបានលើកឡើងថា បំណុល្អច្រើន អាចជាឱកាសល្អទៅវិញទេសម្រាប់ការអភិវឌ្ឍហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យក្លាយជាមនុស្សដែលមានសេរីភាពហិរញ្ញវត្ថុ។ លោក ង៉ែត ជូ បាននិយាយថា៖ «នៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន កុំសួរខ្ញុំពីការដោះបំណុល»។
អ្នកជំនាញខាងលើបានបន្ថែមទៀតថា ប្រសិនបើចង់សួរលោក អាចសួរពីវិធីបង្កើនបំណុលដើម្បីពង្រីកឱកាសល្អជាង ព្រោះជាទូទៅបំណុលកាន់តែច្រើនកាន់តែប្រសើរប្រសិនបើបំណុលនោះជាបំណុលល្អ។ លោកបានបន្ថែមទៀតថា សេដ្ឋីប្រាក់លាន អាចមានបំណុលរាប់លានដុល្លារដែរ។ មហាសេដ្ឋីអាចមានបំណុលរាប់ពានលានដុល្លារ។ បំណុលគ្រាន់តែជាពូជដ៏សំខាន់ចេញពីហោប៉ៅអ្នកដទៃដែលម្នាក់ៗ ត្រូវប្រើប្រកបដោយការទទួលខុសត្រូវ។
លោក ង៉ែត ជូ បានផ្តល់យោបល់ថា បុគ្គលដែលចង់ដោះបំណុល មានន័យថាបំណុលមិនមានសុខភាពល្អនោះទេ។បញ្ហានេះមកពីមូលហេតុសំខាន់ៗចំនួន៣យ៉ាងគឺ៖
ទី១. ប្រើបំណុលខុសគោលដៅ ដែលមិនបម្រើឱ្យសកម្មភាពរកប្រាក់ចំណេញ
ទី២. បរាជ័យក្នុងអាជីវកម្ម ឬការវិនិយោគ
ទី៣. ខ្ចីបំណុលហួសពីលទ្ធភាព។
ជារួម អ្វីដែលយើងត្រូវគិត គឺផ្តោតសំខាន់លើគោលដៅនៃការប្រើប្រាស់ហិរញ្ញវត្ថុ ឱ្យបានល្អកុំបារម្ភពេកពីការជាប់បំណុល តែត្រូវប្រយ័ត្នឱ្យបានខ្ពស់ក្រែងប្រើបំណុលក្នុងផ្លូវមិនត្រឹមត្រូវ៕