សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ភ្នំពេញ៖ អ្នកជំនាញបានណែនាំដល់អ្នកដែលមានចំណូលទាប ហើយមានបំណងវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា សម្រាប់លក់បន្តសម្រាប់យកផលចំណេញ គួរទិញនៅក្នុងតម្លៃ ៥០ ភាគរយនៃចំណូលរបស់ខ្លួន ដើម្បីបង្ការហានិភ័យដែលកើតឡើងចំពោះជីវភាពប្រចាំថ្ងៃ។

លោក ឡុង គឹមសួគ៌ អគ្គនាយកក្រុមហ៊ុន Century 21 Advance  បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ មានមនុស្សមួយចំនួនបានប្រឡូកចូលនៅក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ ដោយបានទិញប្រភេទអចលនទ្រព្យដែលមានតម្លៃលើពីចំណូលរបស់ខ្លួន ដែលបង្ករឱ្យមានហានិភ័យខ្ពស់សម្រាប់ជីវភាពប្រចាំថ្ងៃ។

លោកបន្តថា ៖“ការទិញអចលនទ្រព្យដោយមិនបានដឹងពីគោលបំណងច្បាស់លាស់ ដោយចេះតែទិញតាមគ្នា និង តាមការអូសទាញពីឈ្មួញជាដើម នេះ ក៏មានហានិភ័យខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃផងដែរ”។ 

លោកបន្តថា “បើកទិញអចលនទ្រព្យសម្រាប់វិនិយោគបន្តយកផលចំណេញ គួរទិញតំបន់ណាដែលមានការអភិវឌ្ឍន៍ និងចាប់ផ្តើមអភិវឌ្ឍន៍ ទើបទទួលបានចំណេញខ្ពស់ ហើយបើទិញនៅតំបន់ឆ្ងាយ ឬ តំបន់ដែលត្រៀមអភិវឌ្ឍ វាយនឹងចំណាយពេលយូដែលនឹងធ្វើឱ្យកប់នូវចំណូលរបស់ខ្លួននិងហាភ័យខ្ពស់ ខណៈដែលខ្លួនមានចំណូលទាប តែសម្រាប់អ្នកដែលមានចំណូលខ្ពស់មិនមានបញ្ហាអ្វីនោះទេ”។

លោកបន្ថែមថា “ចំណុចមួយទៀតដែលសំខាន់អ្នកវិនិយោគមុននឹងសម្រេចិត្តទិញអចលនទ្រព្យវិនិយោគបន្ត គួរគិតពីំចំណូលរបស់ខ្លួនឱ្យបានច្បាស់លាស់សិន  តើចំណូលរបស់ខ្លួនមានភាពរឹងមំាដែរឬទេ ? អ្នកខ្លះមានចំណូលមិនរឹងមាំទេ ពោលគឺបានមួយឆាវៗ ហើយវាបាត់បង់ទៅវិញ”។ 

លោកពន្យល់ថា “កុំទិញអចលនទ្រព្យដែលលើសពីសមត្ថភាពខ្លួន (អ្នកខ្លះប្រាក់ខែ៥០០ ដុល្លារ តែទិញ អស់ ៤០០ ដុល្លារ សល់តែ ១០០ដុល្លារ) នេះ គឺមានហានិភ័យខ្ពស់ចំពោះការចំណាយលើជីវភាពប្រចាំថ្ងៃដោយក្នុងការវិយោគលើវិស័យអចលនទ្រព្យចំពោះអ្នកដែលមានធនធានតិចតួច គួរទិញអចលនទ្រព្យក្នុងតម្លៃ ៥០ ភាគរយនៃចំណូលរបស់ខ្លួន ទើបមិនមានហានិភ័យដល់ជីវភាពប្រចាំថ្ងៃ”៕