មនុស្សគ្រប់គ្នាសទ្ធតែមានគោលបំណងក្នុងការរស់នៅរៀងៗខ្លួន តែពួកគេមិនមែនសុទ្ធតែ​អាចសម្រេចគោលដៅជីវិតនោះទេ ព្រោះវាទាមទារឱ្យមានវិធីសាស្រ្ត និង​ការយកចិត្តទុកដាក់ខ្ពស់ដើម្បីអនុវត្តដំណាក់កាលនានាក្នុងដំណើរជីវិត។

  • សូមទាញយកកម្មវិធី Krama Post ទូរសព្ទដៃ Android សូមចុច https://bit.ly/2QiVDk8 
  • សម្រាប់ទូរសព្ទដៃ Apple (iOS) សូមចុច https://apple.co/33dkMTr 

លោក ចេង បូរិទ្ធ អតីតសិស្សពូកែរូបវិទ្យាទូទាំងប្រទេស និង​ជាសាស្រ្តាចារ្យគណិតវិទ្យា បានលើកឡើងថា ការតាំងចិត្តគឺជាអាវុធដ៏មុតស្រួច ក្នុងការសម្រេចគោលដៅជីវិត ព្រោះមិនថាធ្វើអ្វីនោះទេ ឱ្យតែមានការតាំងចិត្តខ្ពស់ នោះយើងនឹងអាចសម្រេចបានគ្រប់យ៉ាង។ ការតាំងចិត្តនេះ មិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ ព្រោះវាជារឿងដែលងាយចាប់ផ្តើមតែមិនងាយរក្សា។ មនុស្សជាច្រើនមានការតាំងចិត្ត តែពីដំណាក់កាលដំបូងៗ ឬពេលចិត្តពុះកញ្ជ្រោលចង់ធ្វើអ្វីមួយតែមួយភ្លែត បន្ទាប់មក​ក៏បោះបង់ការតាំងចិត្តនោះចោលវិញ។ ការធ្វើបែបនេះ ទោះខំធ្វើការងាររាប់រយ ក៏មិនអាចសម្រេចមួយណាបានដែរ ព្រោះគ្មានការងារណាអាចសម្រេចបានដោយស្រួលៗនោះទេ។

លោក ចេង បូរិទ្ធ បាននិយាយថា៖ «ដំណើរជីវិតប្រៀបដូចជាការហែលទឹក ប្រសិនបើយើងហែលទៅដល់គោលដៅ នោះយើងនឹងរីករាយជាមួយអ្វីដែលយើងធ្វើ តែប្រសិនបើយើងឈប់កណ្តាលទន្លេ យើងនឹងអស់កម្លាំងកាន់តែខ្លាំងហើយអាចលង់ស្លាប់។ ហេតុនេះការតាំងចិត្តដើម្បីធ្វើអ្វីមួយ ចាំបាច់ត្រូវតែរក្សាកម្លាំងចិត្តធ្វើវាឱ្យបានដល់គោលដៅដែលចង់ទៅ ទោះជាលទ្ធផលល្អឬមិនសូវល្អក៏ដោយ ឱ្យតែយើងច្បាស់លាស់ថាធ្វើវាឱ្យដល់កន្លែងដែលយើងចង់ទៅដល់យើងនឹងអាចកើតជាទម្លាប់​វិជ្ជមានក្នុងការសម្រេចសម្មិទ្ធិផលក្នុងជីវិត»។

អ្នកអប់រំខាងលើក៏បានលើកជាឧទាហរណ៍ផងដែរថា ក្នុងការសិក្សាក៏ដូចគ្នា ការប្រកួតប្រជែងនានា វាមិនមែនជារឿងងាយស្រួលនោះទេ តែប្រសិនបើយើងចង់ជោគជ័យ​ក្នុងការសិក្សា យើងអាចប្រឹងប្រែងដោយការតាំងចិត្តខ្ពស់ដើម្បីធ្វើវាបាន។ វាមិនអាចជោគជ័យ ដោយទទួលបានលទ្ធផលល្អ ឬជាប់អាហារូបករណ៍ទៅក្រៅប្រទេសភ្លាមៗនោះទេ តែវាត្រូវការការតាំងចិត្តយូរអង្វែង ដើម្បីដុះខាត់សមត្ថភាព​លើមុខវិជ្ជានីមួយៗ។ បន្ថែមពីលើនេះ លោកក៏បានបញ្ជាក់ផងដែរថា លោកក៏ជាមនុស្សដែលមានពិការភាពផងដែរ តែការតាំងចិត្ត បានជំរុញឱ្យលោកក្លាយជាមនុស្សរឹងមាំម្នាក់។ ជាក់ស្តែង ទោះបីជាលោកមានបញ្ហាស្វិតជើង តែលោកអាច​ជិះកង់បានរាប់រយគីឡូម៉ែត្រ និងខិតខំប្រឹងប្រែងថែរក្សារាងកាយ​ដោយហាត់ប្រាណឱ្យរឹងមាំ បានយ៉ាងល្អថែមទៀតផង។ 

បន្ថែមពីលើនេះ នៅពេលលោកសិក្សានៅប្រទេសថៃ ទោះបីជាលោកមិនសូវចេះភាសាថៃ តែលោកនៅតែព្យាយាម​ដោយការតាំងចិត្តខ្ពស់ ដើម្បីអានសៀវភៅទាំងភាសាថៃនិងភាសាផ្សេងៗទៀត រហូតយល់បានស៊ីជម្រៅ។

ត្រង់ចំណុចនេះ លោក បូរិទ្ធ បានបញ្ជាក់ថា មនុស្សម្នាក់ៗមានសមត្ថភាពខ្លាំងហួសពីការស្មានរបស់យើង ហេតុនេះកុំ​បារម្ភថារឿងណាមួយដែលយើងចង់ធ្វើនោះមិនអាចទៅរួច។ សំខាន់យើងតាំងចិត្តព្យាយាមកុំបោះបង់ នោះយើងនឹងឃើញថា ​ទោះលទ្ធផលយ៉ាងណាក៏យើងនៅតែរីករាយជាមួយដំណើរជីវិតខ្លួនឯងដែរ៕