កំពង់ចាម៖ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនៅថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងពិធីបើកការដ្ឋានគម្រោងសាងសង់ផ្លូវជាតិលេខ៧១C ដែលអនុវត្តដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) ក្រោមហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើតស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាមទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ ត្រូវ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី។

ស្ពាននេះមានប្រវែងសរុប១.១៣១ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុង អាម៉េ ប្រើរយៈពេលសាងសង់ចំនួន ៤២ខែ ដោយចំណាយថវិកាសរុបជាង ៥៦លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា៖ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ពិធីបើកការដ្ឋានគម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៧១C គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ស្ពាននេះគឺជាស្ពានយុទ្ធសាស្ត្រមួយយ៉ាងសំខាន់សម្រាប់តភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើ ដំណើររបស់ប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំឱ្យបានងាយស្រួល និងឆាប់រហ័សដែលកន្លងមកពួកគាត់ធ្វើដំណើរឆ្លងកាត់តំបន់នេះតាមរយៈការឆ្លងសាឡាង និងជាស្ពានផ្តល់សក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចជាតិ ធ្វើឱ្យប្រសើរឡើងដល់ជីវភាពរស់នៅកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍ផងដែរ។

គួរកត់សម្គាល់ផងដែរថា៖ កន្លងមកឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដាក់ឱ្យដំណើរការជាបណ្តោះអាសន្នស្ពាននេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១៕