ខេត្តក្រចេះ៖ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងឯកឧត្តម ហ៊ុន ស៊ីថា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជានាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី  រួមជាមួយឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យទីតាំង សម្រាប់ត្រៀមរៀបចំបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គ ស្ថិតក្នុងខេត្តក្រចេះ ដឹកនាំដោយ ដោយមានការចូលរួមផងដែរពីឯកឧត្តម វ៉ា ថន អភិបាលនៃគណៈ អភិបាលខេត្តក្រចេះ អាជ្ញាធរមានសមត្ថកិច្ច រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធក្នុងគម្រោង ក្នុងគោលបំណងធានាឱ្យដំណើរការកម្មវិធីខាងលើអាចប្រព្រឹត្តទៅបានយ៉ាងរលូនតាមផែនការ ដែលបានគ្រោងទុក។

បន្ទាប់ពីបានចុះពិនិត្យរួចរាល់ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូទាំងពីរ បានសម្រេចជ្រើសរើយកទីតាំងសម្រាប់រៀបចំកម្មវិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនេះនៅភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលមានចម្ងាយប្រមាណ ៨គីឡូម៉ែត្រពីទីរួមខេត្ត។

សូមជម្រាបជូនថា៖ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែងសរុប ៣៣,៤៥ គីឡូម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B ដែលត្រូវសាងសង់ស្ពានឆ្លង កាត់ទន្លេមេគង្គប្រវែង ១៧៦១ម៉ែត្រ តភ្ជាប់ពីឃុំបុសលាវ ស្រុកចិត្របុរី ទៅ ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងមានផ្លូវតភ្ជាប់ទៅក្រុងក្រចេះមានប្រវែងប្រមាណ៣១,៦៩គីឡូម៉ែត្រ៕