កោះកុង៖ គ្រំចំពុះទា អាចច្នៃជាម្ហូបមានតម្លៃថ្លៃ និងប្រមូលបានទិន្នផលជាង ១ម៉ឺនតោន ក្នុង១ឆ្នាំ ពីសហគមន៍ពាមក្រសោបក្នុងតំបន់ដែនជម្រកសត្វព្រៃពាមក្រសោប ក្នុងខេត្តកោះកុង
បើនិយាយពីគ្រំចំពុះទា ច្បាស់ណាស់មានប្រជាពលរដ្ឋខ្មែរមួយចំនួនតូចបានស្គាល់ និងបានភ្លក់រសជាតិ ក៏ប៉ុន្តែ សម្រាប់ប្រជាជនអឺរ៉ុប និងបរទេសមួយចំនួនធំ ជាពិសេសចុងភៅនៅសណ្ឋាគារធំៗស្គាល់គ្រំ ឬខ្យងប្រភេទនេះច្បាស់ណាស់ ព្រោះវាអាចច្នៃធ្វើម្ហូបបានជាច្រើនមុខ និងមានឱជារសឆ្ងាញ់ពិសារ ខណៈតម្លៃក្នុងហាងទំនើបមានតម្លៃថ្លៃ។ ចំពោះគ្រំចំពុះទានេះ សម្រាប់នៅប្រទេសកម្ពុជាទីតាំង ដែលមានគ្រំចំពុះទានេះ មាន៣កន្លែង ក្នុងខេត្តកោះកុង ដែលស្ថិតនៅភូមិសាស្រ្តដែនជម្រកសត្វព្រៃពាមក្រសោបគឺទី១៖ មុខលំហ, ពាមក្រសោបចាស់, ទី២៖ នៅកោះកាង និងទី៣៖ ចំណុចឡាំដាំ ជាប់នឹងឈូងជ្រោយប្រស់។
បើតាមលោក វង់ ដារ៉ា ជាអ្នកចិញ្ចឹមគ្រំចំពុះទា ក្នុងតំបន់សហគមន៍ពាមក្រសោប ខេត្តកោះកុង បានឱ្យដឹងថា នៅក្នុង១ឆ្នាំៗ ប្រជាសហគមន៍ចិញ្ចឹមគ្រំចំពុះទា ចិញ្ចឹមបានយ៉ាងហោចណាស់ជាង ១០,០០០តោន ហើយសម្រាប់ទីផ្សារទិញគ្រំនេះ ប្រទេសកម្ពុជាមិនទាន់មានទីផ្សារនៅឡើយទេ គឺពឹងទាំងស្រុងទៅលើឈ្មួញមកពីប្រទេសថៃ ចំណែកឈ្មួញមកពីវៀតណាម ទើបចាប់ផ្តើមមកទិញគ្រំចំពុះទាបានប្រហែល ២ ឬ៣ឆ្នាំនោះទេ ហើយសម្រាប់តម្លៃលក់ចេញវិញ គឺមានតម្លៃចាប់ពី១០០០រៀល ដល់៣០០០រៀលតាមទំហំគ្រំ និងរដូវរបស់វា។ បន្ថែមពីនេះគ្រំចំពុះទា មានឱជារសឆ្ងាញពិសារជាងគ្រំ ឬខ្យងទឹកសាប ផងដែរ ហើយគ្រំនេះ អាចយកមកធ្វើជាម្ហូបបានតាមត្រូវតម្រូវការរបស់អ្នកដូចជា៖ ស្លរម្ជូរគ្រឿង, ឆាក្រៀម, ញាំ, ឆាក្តៅ ស្ងោជ្រក់, ស្រុះ និងយកទៅកែច្នៃជាម្ហូបបែបអឺរ៉ុប និងភីហ្សាដែលជាការពេញនិយមជាដើម៕
ប្រភពពី ក្រសួងបរិស្ថាន