រាជធានីភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ជូនលោក កស័ក្ដិ ពិនិត្យពិចារណាធ្វើការវិនិយោគលើការផលិតក្រដាសនៅព្រះរាជាណាចក្រកម្ពុជា ព្រោះថា ក្រដាស គឺជាសម្ភារៈដែលត្រូវការចាំបាច់ ហើយក៏មានតម្រូវការកើនឡើងជាលំដាប់។ 

ជាមួយគ្នានោះដែរ សម្តេចតេជោ បានស្នើសុំឱ្យលោក កស័ក្ដិ ពិនិត្យមើលការបង្កើតរោងចក្រផលិតជីសរីរាង្គនៅកម្ពុជា ព្រោះថា ជីសរីរាង្គ គឺជាជីមួយដែលអាចប្រើប្រាស់ធ្វើការដាំដុះដំណាំ ហើយផ្ដល់នូវគុណភាពដំណាំ ដែលមិនប៉ះពាល់ដល់សុខភាពផងដែរ។

នេះបើតាមលទ្ធផលនៃជំនួប សម្ដេចតេជោ ហ៊ុន សែន ជាមួយលោក កស័ក្ដិ  (Korsak Chairasmisak) ប្រធានប្រតិបត្តិក្រុមហ៊ុន ស៊ីភី អល (CP All) នាព្រឹកថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២ នេះ។

លោក កស័ក្ដិ ក៏បានប្រកាសពីការផ្ដល់ជូនសម្ដេចតេជោ នៅអាហារូបករណ៍ថ្នាក់បរិញាបត្រចំនួន១០ និងអាហារូបករណ៍សម្រាប់ថ្នាក់បច្ចេកទេសចំនួន១១ ហើយលោកបានជម្រាបជូនថា រាល់ការចំណាយទាំងអស់ លោកនឹងផ្គត់ផ្គង់ជូនសម្រាប់អាហារូបករណ៍ទាំង ២០នេះ។

លោក កស័ក្ដិ ក៏បានផ្ដល់នូវការចូលរួមរបស់កុមារចំនួន ៣០នាក់ ទៅរៀនល្បែងយុទ្ធសាស្ត្រនេះនៅប្រទេសថៃ ហើយសម្រាប់ ៣០នាក់នេះ គឺជ្រើសរើសកុមារអាយុចាប់ពី ១០ឆ្នាំដល់ ១២ឆ្នាំ  ដោយទទួលរាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងការបញ្ជូនកុមារទៅរៀនលេងល្បែងហ្គោលនៅប្រទេសថៃនេះ៕