បច្ចុប្បន្ននេះ ដោយសារតែ​ការរីកចម្រើនផ្នែកវិទ្យាសាស្រ្តបានធ្វើឱ្យ​សារធាតុគីមីជាច្រើន ត្រូវបានគេបញ្ចូលទៅក្នុងការប្រើប្រាស់ ដែលវាអាចធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងវិស័យកសិកម្មនិងការរស់នៅរបស់មនុស្ស។

ហេតុនេះហើយ ទើប​ថ្មីៗនេះបណ្តាប្រទេសមួយចំនួនដូចជានៅប្រទេសជប៉ុន ចិន និង​ថ្មីៗនេះនៅប្រទេសថៃ គេបានប្រើប្រាស់​សត្វចិញ្ចឹម ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហា​កសិកម្មដោយមិនប្រើប្រាស់សារធាតុគីមីពុល។

អង្គការវេទិកាសេដ្ឋកិច្ចពិភពលោក បានបញ្ជាក់ថា ដោយមើលឃើញពីសារៈសំខាន់របស់សត្វទា​ កសិករនៅក្នុង​ប្រទេសមួយចំនួននៅអាស៊ី បានប្រើប្រាស់​ទាដើម្បីសម្លាប់សត្វល្អិតជំនួសថ្នាំពុលគីមី។ អង្គការខាងលើថា នៅពេលគេលែងទារាប់ពាន់ក្បាល ចូលទៅក្នុង​វាលស្រែពួកវានឹង​អាចមានសមត្ថភាពកម្ចាត់សត្វល្អិតចង្រៃបានយ៉ាងច្រើន និងមានប្រសិទ្ធភាពខ្ពស់។ ការប្រើប្រាស់វិធីនេះត្រូវបានគេមើលឃើញថា ហាក់ដូចជាមានភាពវិជ្ជមានច្រើនជាងការប្រើប្រាស់ថ្នាំគីមីព្រោះវាមិនត្រឹមតែអាចសម្លាប់សត្វល្អិតអស់ពីក្នុងស្រែនោះទេតែវាអាចធ្វើឱ្យសត្វទារីកធំធាត់ដោយធម្មជាតិបានថែមទៀតផង។

បន្ថែមពីលើនេះ អ្នកកសិកម្មមួយចំនួនរកឃើញថា​ថ្នាំគីមីអាចបាញ់សម្លាប់សត្វល្អិត បានត្រឹមតែប្រភេទសត្វដែលនៅខាងក្រៅតែប៉ុណ្ណោះ ចំពោះសត្វមួយចំនួនដែលរុំក្នុងស្លឹក ឬនៅជ្រៅក្នុងគល់រុក្ខជាតិវាមិនអាចសម្លាប់បាននោះទេតែសត្វទា អាចមានសមត្ថភាពកម្ចាត់ពួកវាបានដោយមិនផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់​ដំណាំនោះទេ។ អ្វីដែលកាន់តែផ្តល់ផលល្អនោះ គឺវដ្តនៃការស្វែងរកចំណីរបស់សត្វទាបានជួយយ៉ាងច្រើនដល់គុណភាពដី។ វាអាចធ្វើឱ្យដីផុសល្អ និងមានជីជាតិ តាមរយៈការបន្សល់ទុកលាមកបន្ទាប់ពីកម្ចាស់សត្វល្អិតចង្រែនៅក្នុងដំណាំ ហើយវាក៏ធ្វើឱ្យម្ចាស់កសិដ្ឋាននីមួយៗចំណេញថវិកាយ៉ាងច្រើន​ ពីការទិញជីគីមីនិងការ​ប្រើប្រាស់ថ្នាំពុលកសិកម្ម ដែលអាចធ្វើឱ្យខូចគុណភាពដីយូរអង្វែង។

តាមរយៈទិន្នន័យពីអង្គការសេដ្ឋកិច្ចពិភពលោកបានបញ្ជាក់ថា ក្នុងរយៈពេលមួយសប្តាហ៍ សត្វទា​ចំនួន ១ម៉ឺនក្បាលអាចសម្អាតដីស្រែបានជាង ៦ហិកតា។ លទ្ធផលនេះគឺជាលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលមួយ សម្រាប់អ្នកកសិកម្មព្រោះវាមិនត្រឹមតែអាចជួយ​ដល់កសិកម្មក្នុងឆ្នាំនីមួយៗប៉ុណ្ណោះទេ តែវាថែមទាំងអាចជួយព្យាបាលបញ្ហាដីដែលកើតមានឡើងជាយូរឆ្នាំដោយសារតែការប្រើប្រាស់សារធាតុគីមី។ ក្រោយពីអនុវត្តបានប៉ុន្មានឆ្នាំលើដំណាំស្រូវដីដដែលនេះត្រូវបានអ្នកជំនាញ​បង្ហាញថាអាចអំណោយផលផងដែរចំពោះដំណាំផ្សេងៗទៀតព្រោះវាមានជីជាតិខ្ពស់ និងមិនសូវរើសនដំណាំនោះទេ៕