រាជធានីភ្នំពេញ៖  លោកស្រី វេជ្ជ. អេង លីគង់ ជាប់ឆ្នោតជា ប្រធានបណ្តាញសហគ្រិនស្ត្រីអាស៑ាននៅកម្ពុជា នេះបើតាមលទ្ធផលនៃការបោះឆ្នោតមួយកាលពី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។ 

ការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន បណ្តាញសហគ្រិនស្ត្រីអាស៑ាននៅកម្ពុជា ធ្វើឡើងក្នុងកិច្ចប្រជុំស្ដីពី ការរៀបចំបណ្តាញសហគ្រិនស្ត្រីនៅកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ វេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។

ការបោះឆ្នោតនេះ ក៏មានការចូលរួមពីលោកជំទាវ ឯកឧត្តម លោក លោកស្រី ដែលជាតំណាងរបស់សមាគមទាំង៥ រួមមានៈ CPMEC, CWEA, CATA, YEAC, JCI គឺជាស្ថាបនិកបណ្តាញសហគ្រិនស្ត្រីនៅកម្ពុជា រួមទាំងតំណាងថ្នាក់ដឹកនាំមកពីក្រសួងជាច្រើន រួមមានៈ ក្រសួងកិច្ចការនារី ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងទេសចរណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មាធិការជាតិ ជំរុញចលនា ភូមិ១ផលិតផល១ និងសភាពាណិជ្ជកម្មកម្ពុជា ដែលជាគណៈកម្មាការប្រឹក្សាយោបល់របស់ បណ្តាញសហគ្រិនស្ត្រីនៅកម្ពុជាផងដែរ៕