ការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អ្នកចូលវ័យ២០ឆ្នាំគឺជារឿងដ៏សំខាន់ ព្រោះវ័យនេះចាប់ផ្ដើមឈានចូលដល់ដំណាក់កាលអាចរកចំណូលបាន ហើយចំណាយក៏អាចបង្កហានិភ័យបានផងដែរ។ ហេតុនេះអ្នកដែលស្ថិតក្នុងវ័យនេះគួរយល់ដឹងអំពីវិធីសាស្ត្រល្អៗដើម្បីរក្សាលុយកាក់របស់អ្នកឱ្យបានជាប់លាប់ និងរីកចម្រើនទៅមុខ។
១.បង្កើតផែនការថវិកាផ្ទាល់ខ្លួន
ចំណុចសំខាន់ចម្បងគឺក្រឡេកមើលប្រភពចំណូលរបស់អ្នកនិងបង្កើតផែនការថវិកា។ ផែនការថវិកានេះនឹងជួយឱ្យអ្នកសម្រេចចិត្តម៉ត់ចត់អំពីពេលវេលា និងរបៀបដែលអ្នកត្រូវចាយលុយដែលអ្នកមាន។ វានឹងជួយអ្នកក្នុងការសម្រេចថាគួរចាយលុយទៅណាដើម្បីអ្វី ហើយបានអ្វីមកវិញជាដើម។
២.ត្រួតពិនិត្យមើលថវិការបស់ខ្លួនជាប្រចាំ
រៀងរាល់យប់មុនចូលគេងអ្នកអាចចំណាយពេល៥នាទីដើម្បីត្រួតពិនិត្យមើលថវិការបស់អ្នកថាតើអ្នកកំពុងដើរត្រូវផ្លូវដែលអ្នកបានកំណត់សម្រាប់ផែនការថវិកានោះដែរឬអត់សម្រាប់ការចំណាយ។ ធ្វើបែបនេះជាប្រចាំនឹងជួយឱ្យអ្នកដឹងអំពីការចំណាយរបស់អ្នកប្រចាំខែដោយអាចកំណត់ខ្លួនឯងបានមិនឱ្យចាយហួសខ្ទង់ផ្ដេសផ្ដាស។
៣.ជៀសវាងចំណាយដែលមិនចាំបាច់
អ្នកគួររៀនបែងចែកឱ្យដាច់រវាងរបស់ដែលចង់បាននិងរបស់ដែលចាំបាច់។ ដើម្បីរក្សាស្ថេរភាពហិរញ្ញវត្ថុអ្នកគួររៀនចាយលុយដោយឆ្លាតវៃ ហើយផ្ដោតតែលើរបស់ដែលចាំបាច់បានហើយ ព្រោះវាជារបស់ដែលមិនអាចខ្វះបាន។ ប៉ុន្តែបើរបស់ដែលអ្នកកំពុងចង់ទិញនោះ មិនមែនជារបស់ដែលខ្វះមិនបាននោះទេ អ្នកគួរហាមចិត្តខ្លួនឯង ហើយទុកលុយនោះសម្រាប់របស់ផ្សេងវិញល្អជាង។ រៀនធ្វើបញ្ជីរបស់ដែលត្រូវទិញជាជាងទិញតាមការឃើញ ឬចង់បានភ្លាមៗ។
៤.បែងចែកប្រាក់សន្សំសម្រាប់ស្ថានភាពអាសន្ន
ទម្លាប់អាក្រក់មួយដែលស្ទើរតែគ្រប់គ្នាបានប្រព្រឹត្តគឺការពឹងផ្អែកលើCredit Card ដើម្បីចាត់ចែងការចំណាយប្រចាំថ្ងៃនៅពេលចំណាយលើសខ្ទង់។ ប៉ុន្តែអ្នកគួរតែមានប្រាក់សន្សំសម្រាប់ស្ថានភាពអាសន្ន ឬបន្ទាន់ទុកជាមុនដើម្បីប្រើប្រាស់ល្អជាងការប្រើ CreditCard ដែលត្រូវសងត្រឡប់វិញនៅពេលក្រោយ។ អ្នកអាចដកមួយផ្នែកនៃចំណូលរបស់អ្នកទៅសន្សំដើម្បីប្រើប្រាស់នៅស្ថានភាពយថាហេតុណាមួយដូចជាពេលបាត់បង់ការងារ គ្រោះថ្នាក់ផ្សេងៗ ឬរឿងអាសន្នដែលអ្នកមិនអាចទៅរកលុយបានភ្លាមៗ ដើម្បីដោះស្រាយបានមួយគ្រាហោចណាស់ក៏បាន៣ខែដែរ៕