សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
១. គ្រប់យ៉ាងមិនមែនសុទ្ធតែព្រោះតែលុយនោះទេ
សម្ដីរបស់លោក Mark Zuckerberg បាននិយាយថាលុយពិតជាផ្នែកសំខាន់មួយក្នុងជោគជ័យនៃអាជីវកម្ម ប៉ុន្តែអ្វីដែលកាន់តែសំខាន់ជាងនេះទៀតនោះគឺទស្សនវិស័យហើយ និងមហិច្ចតារបស់អ្នកចំពោះក្រុមហ៊ុនទៅវិញទេ។ លោក Mark បានបង្ហាញឱ្យពិភពជំនួញឃើញថា លោកបានប្រើគ្រប់នាទីដែលលោកមានក្នុងមួយថ្ងៃធ្វើរឿងដ៏ល្អបំផុតសម្រាប់ឱ្យបណ្ដាញសង្គមរបស់លោកឈានទៅនាំមុខគេនៅក្នុងឧស្សាហកម្មមួយនេះ។
២. បង្កើតវត្ថុដែលមានតម្លៃ ហើយត្រូវហ៊ានសុបិនធំ
ប្រសិនបើអ្នកបង្កើតផែនការអាជីវកម្មមួយដែលស្រដៀងទៅនឹងដៃគូប្រជែងដ៏ជោគជ័យរបស់អ្នក នោះគឺអ្នកកំពុងត្រៀមខ្លួនដួលហើយ។ អ្វីដែលអ្នកចង់ធ្វើនោះគឺបង្កើតអ្វីដែលនឹងមានតម្លៃសម្រាប់អតិថិជនរបស់អ្នក។ ចូររៀនតាមលោក Richard Branson ដែលបាននិយាយថា លោកបង្កើតអាជីវកម្មមួយ លុះត្រាតែអាជីវកម្មមួយនោះអាចជួយសម្រួលដល់ការរស់នៅរបស់អតិថិជនរបស់លោក។ គំនិតរបស់ស្ថាបនិកក្រុមហ៊ុនអាកាសចរណ៍ Virgin Atlantic រូបនេះកើតមានឡើង នៅពេលដែលរូបលោកធ្លាប់មានអារម្មណ៍មិនពេញចិត្តជាមួយសេវាកម្មក្រុមហ៊ុនBritish Airways។
៣. រៀនពីកំហុស
តារា និងអ្នកជំនួញល្បីៗជាច្រើនកំពុងបង្ហាញឱ្យអ្នកគាំទ្រឃើញថាបរាជ័យមិនមែនជាអ្វីសំខាន់ ឬរឿងអាក្រក់ឡើយ ដរាបណាអ្នកបានរៀនសូត្រពីកំហុសទាំងនោះ។ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន SpaceX ធ្លាប់មានប្រវត្តិបរាជ័យឡើងស្ពឹកមុខប្រហែល១០ឆ្នាំមកហើយ ក្នុងការផលិតគ្រាប់រុកកែតម្ដងហើយម្ដងទៀត។ ក៏ប៉ុន្តែ លោកមិនដែលបណ្ដោយឱ្យបរាជ័យទាំងនោះមកបំបាក់លោកបានឡើយ។ វិធីសាស្ត្ររបស់លោកMusk គឺតែងតែសួរខ្លួនឯងនូវសំណួរដែលធ្វើឱ្យលោកស្វែងរកអ្វីថ្មី និងមានប្រយោជន៍ដល់អាជីវកម្មរបស់លោក។
៤. អតិថិជនគឺជាអ្វីដែលសំខាន់ពិតប្រាកដ
គ្រប់តួនាទីដែលទាក់ទងជាមួយអតិថិជន សុទ្ធតែបង្រៀនអ្នកឱ្យដឹងថាអតិថិជនតែងតែត្រូវ ឬមួយឃ្លាទៀត “អតិថិជនគឺជាស្ដេច”។ មេក្រុមហ៊ុន Amazon លោក Jeff Bezos គឺជាមនុស្សម្នាក់ដែលជឿជាក់យ៉ាងខ្លាំងក្លាចំពោះចំណុចនេះនិងព្យាយាមធ្វើយ៉ាងណាឱ្យអតិថិជនរបស់លោកសប្បាយចិត្ត។ ក្រុមហ៊ុនលោកមានក្រុមការងារបម្រើការ២៤ម៉ោងនៅពេលដែលមានបញ្ហាទាក់ទងនឹងសេវាកម្មរបស់លោក។ លោក Bezos បាននិយាយថា ការផ្គាប់ចិត្តអតិថិជនបាន នោះអ្នកនឹងអាចយកឈ្នះភាពស្មោះត្រង់របស់ពួកគេ ហើយធ្វើឱ្យខ្លួនអ្នកក្លាយជាអ្នកជំនួញដ៏ជោគជ័យក្នុងពេលយ៉ាងខ្លីហើយក៏អាចផ្ដួលដៃគូប្រជែងបានផងដែរ។
៥. បំភ្លេចអ្នកដែលស្អប់ទាំងនោះទៅ
មិនថាអ្នកជាតារាល្បី ជាបុគ្គលសាធារណៈ ឬអ្នកជំនួញឡើយអ្នកនឹងត្រូវជួបប្រទះជាមួយបុគ្គលមួយក្រុមដែលស្អប់អ្នកជៀសមិនផុត។ មនុស្សមួយក្រុមនេះនឹងធ្វើយ៉ាងណាបង្ហាញតែចំណុចអាក្រក់របស់អ្នកធ្វើឱ្យអ្នកបាក់ស្មារតី ឬឱ្យអ្នកចាញ់ហ្គេមដែលអ្នកកំពុងលេងតែម្ដង។ អ្នកជំនួញនិងជានិម្មិតរូបផ្នែកប្រព័ន្ធផ្សព្វផ្សាយដ៏ជោគជ័យ អ្នកស្រី Arianna Huffington បានស្គាល់រសជាតិនេះយ៉ាងច្បាស់ នៅពេលនាងចាប់ផ្ដើមប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកឈ្មោះថាHuffington Post កាលពីឆ្នាំ២០០៥។ កាលនោះអ្នកស្រីទទួលបានការរិះគន់យ៉ាងចាស់ដៃ ដោយការផ្សព្វផ្សាយតាមអនឡាញត្រូវបានគេនិយាយថាជាបរាជ័យដែលមិនអាចងើបមុខរួច។ អ្វីដែលចង់ឱ្យអ្នកចាប់អារម្មណ៍ត្រង់ចំណុចនេះ គឺត្រូវរៀនធ្វើស្បែកមុខឱ្យក្រាស់នៅក្នុងការចាប់យកការរកស៊ីហើយរៀនព្រងើយកន្តើយនឹងក្រុមមនុស្សដែលស្អប់អ្នក។
៦. ឱ្យតម្លៃក្រុមការងាររបស់ខ្លួន
អ្នកនិពន្ធសៀវភៅគន្លឹះអាជីវកម្ម Resilience Roadmap និងជាស្ថាបនិកសាកលវិទ្យាល័យ M.PIRE លោក Danny Morel បានលើកឡើងថាពាក្យថា “ក្រុមការងារ” គឺបានន័យថា គ្រប់មនុស្សដែលធ្វើការឱ្យអ្នកគឺមានភាពស្មើគ្នា។ ខ្ញុំមិនដែលឱ្យអ្នកណាហៅខ្ញុំ“មេ” ឡើយ។ មិនថាអ្វីដែលអ្នកទទួលបាននោះវាធំយ៉ាងណានោះទេ តែត្រូវចាំថាអ្នកនឹងគ្មានអ្វីសោះ បើសិនគ្មានក្រុមការងារជួយ៕