ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ននេះ ភាគច្រើនតែងតែយកលុយទៅវិនិយោគលើមុខរបរផ្សេងៗ ជាពិសេសសម្រាប់អ្នកដែលទើបរៀបការហើយថ្មីថ្មោង និងអ្នកនៅលីវ ប៉ុន្តែអ្នកជំនាញ និងជាអ្នកជំនួញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាបានពន្យល់ឱ្យអ្នកទាំងនោះគួរបង្វែរថវិកាទៅទិញលំនៅដ្ឋានសម្រាប់រស់ជាមុនសិនទើបជាការប្រសើរ។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានផ្តល់ជាយោបល់ដល់អ្នកដែលនៅលីវ ឬទើបរៀបការហើយថ្មីថ្មោង គួរតែទិញផ្ទះសម្រាប់រស់នៅជាមុនសិន ព្រោះថា ផ្ទះគឺជាតម្រូវការចាំបាច់ និងមានសារៈសំខាន់ណាស់សម្រាប់ពួកគេក្នុងការផ្តល់នូវទីជម្រកមួយដ៏កក់ក្តៅបំផុត។ 

លោកឧកញ៉ាបានបន្តថា “ក្នុងរយៈពេល ២ ឬ ៣ឆ្នាំក្រោយនៅពេលមានលុយថែមទៀត យើងគួរទិញតែទិញផ្ទះបន្ថែមទៀត ដោយផ្ទះមួយយើងសម្រាប់រស់នៅ ហើយផ្ទះមួយទៀតយើងទុកសម្រាប់ជួល ដើម្បីទទួលបានផលចំណេញ ចឹងនៅពេលដែលយើងមានផ្ទះពីររួចហើយ យើងត្រូវបន្តទិញដីម្តងដើម្បីទុកយកលក់យកថ្លៃ បន្ទាប់មកទៀតយើងទិញខុនដូរសម្រាប់រស់នៅក្នុងកណ្តាលទីក្រុង ព្រោះបន្តិចទៀតកំណើននៃចំនួនមនុស្សក្នុងក្រុងនឹងកើនឡើង ហើយការធ្វើដំណើរនៅតាមផ្លូវមានការកកស្ទះខ្លាំង ដូច្នេះការទិញខុនដូសម្រាប់ស្នាក់នៅក្នុងក្រុងគឺជារឿងចាំបាច់នាពេលបន្ទាប់”។

ដោយមានបទពិសោធន៍ជាង១០ឆ្នាំក្នុងវិស័យអចលនទ្រព្យ ដីធ្លី លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានពន្យល់ថា “យើងទិញដីអត់មានប្រាក់ចំណូល តែទុកលក់ទើបបានចំណូល ហើយអាចវិនិយោគលើគម្រោងបានជាច្រើនប្រភេទ។ បើទិញផ្ទះសម្រាប់ជួលមានប្រាក់ចំណូល ហើយថែមទាំងតម្លៃបន្តឡើងពី១០ ទៅ ១៥ ភាគរយក្នុងមួយឆ្នាំថែមទៀត”។

លោកបន្តថា “នៅពេលដែលយើងមានលុយច្រើនអាចទិញខុនដូររស់នៅបាន ប៉ុន្តែមិនត្រូវទិញតាមគេផ្អើលនោះទេ គួរមានការសិក្សា និងពិចារណាលើគម្រោងឱ្យបានលម្អិត ជាពិសេសពិនិត្យទៅលើទីតាំងឱ្យបានច្បាស់ តើជុំវិញហ្នឹងមានសាលារៀន មានមន្ទីរពេទ្យ ឬមានកន្លែងធ្វើការដែរឬទេ ហើយសំខាន់ជាងនេះគឺពិនិត្យទៅលើរាល់ឯកសារច្បាប់ដែលពាក់ព័ន្ធទៅនឹងគម្រោងផងដែរ ដើម្បីជៀសវាងជួបហានិភ័យក្រោយពេលទិញ”៕