ចិនជាប្រទេសដែលកំពុងបោះជំហានកាន់តែលឿនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ពាក់ព័ន្ធនឹងការអភិវឌ្ឍនិងការ​ប្រកួតប្រជែងលើពិភពលោក។

កន្លងមក​អ្នកជំនាញផ្នែកយុទ្ធសាស្ត្រនិងការព្យាករណ៍​ បណ្ឌិត Patrick Dixon ធ្លាប់បានបញ្ចាក់ថា ប៉ុន្មានឆ្នាំខាងមុខទៀត ភាសាចិន​នឹងក្លាយជាភាសានាំមុខគេលើអាជីវកម្ម​តាមអេឡិចត្រូនិក (e-commerce) ព្រោះបច្ចុប្បន្ននេះ ក្រុមហ៊ុនបច្ចេកវិទ្យា និងបណ្តាញសង្គមចិនជាច្រើនហាក់កំពុងធ្វើឱ្យកក្រើក​ទីផ្សារអនឡាញលើពិភពលោក។ មានក្រុមហ៊ុនខ្លះ បានធ្វើឱ្យប្រទេសមហាអំណាចធំៗនានាញញើត និង​បង្កើនការប្រុងប្រយ័ត្នថែមទៀតផងខណៈប្រជាជននៃប្រទេសមួយនេះ ក៏កំពុង​បោះជំហានយ៉ាងលឿនទៅកាន់គ្រប់ទីកកន្លែងលើពិភពលោក។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន​ទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានបញ្ជាក់ថាអ្នកសិក្សាភាសាចិន​អាចនឹងទទួលបានបទពិសោធន៍ថ្មីៗ អាចស្រាវជ្រាវឯកសារជាភាសាចិន និងអាចសិក្សាប្រព័ន្ធច្បាប់របស់ប្រទេសចិន ជាពិសេស​អាចទទួលបានអាហារូបករណ៍ទៅកាន់ប្រទេសចិន។ លោកបណ្ឌិតមើលឃើញថា ប្រទេសចិនជាប្រទេសដែលមាន​ប្រជាជនច្រើនជាងគេលើពិភពលោក។ ចំនួនប្រជាជនចិនបច្ចុប្បន្នគឺស្ទើរតែមួយភាគបួននៃពិភពលោកទៅហើយ ដែលនិយាយភាសាចិន។ ហេតុនេះភាសាចិនអាចនឹងរីករាលដាលកាន់តែច្រើនលើពិភពលោក ដែលធ្វើឱ្យអ្នកចេះភាសាចិនមានលទ្ធភាពទទួលបានការងារច្រើននិងប្រាក់ចំណូលខ្ពស់។

តាមរយៈការផ្សាយរបស់រាជបណ្ឌិតសភាកម្ពុជាលោកបណ្ឌិត គិន ភា បានបញ្ជាក់ថា ការសិក្សាភាសាចិនគឺជាយានមួយដ៏សំខាន់នៅក្នុងវិស័យសេដ្ឋកិច្ច ដោយសារមហាយក្សចិនជាប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ថ្នាក់ទីពីរនៅលើពិភពលោក ដូច្នេះសិក្សាភាសាមួយនេះ អាចបង្កើននូវវិនិយោគមួយផ្នែកធំទៅសេដ្ឋកិច្ចជាតិការបង្កើនអាជីវកម្មផ្សេងៗ តាមរយៈការទំនាក់ទំនងដោយប្រើភាសាចិន។ 

ជាមួយនេះឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ការសិក្សាភាសាចិន ជាសារមួយដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន តាមរយៈការយល់ដឹងពីវប្បធម៌ដ៏ចំណាស់របស់ប្រទេសចិន និងអាចផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ជនជាតិបរទេសតាមរយៈភាសាចិន ព្រមទាំងនយោបាយនិងទំនាក់ទំនងការទូតជាមួយប្រទេសចិនដែលកំពុងត្រូវបានរឹតចំណងមិត្តភាព កម្ពុជា-ចិន ដែលមានតាំងពីយូរណាស់មកហើយ និងបង្កើតកម្មវិធីផ្សេងៗដែលទាក់ទងមិត្តភាពកម្ពុជា-ចិនឱ្យកាន់តែរឹងមាំថែមទៀត៕