បើមើលជាទូទៅ យើងឃើញថាអ្នករកស៊ីគឺជាអ្នករកលុយ ហេតុនេះទ្រព្យសម្បត្តិគឺជាគោលដៅសំខាន់បំផុតសម្រាប់ពួកគាត់។ ផ្ទុយមកវិញ បើពិចារណាឱ្យបានដិតដល់យើងឃើញថា ប្រាក់ចំណូលមិនមែនជាបុព្វហេតុតែមួយគត់សម្រាប់ការរកស៊ីនោះទេ។ ហើយបើគិតតែពីស្វែងរកទ្រព្យ ការរកស៊ីខ្លះក៏មិនអាចដំណើរការបានយូរដែរ។
លោក អ៊ិន ច័ន្ទធារ៉ា ម្ចាស់អាជីវកម្មផលិតនំខ្មែរ នាឡិ បានលើកឡើងថា ការរកស៊ីចាំបាច់ត្រូវមើលឱ្យបានច្បាស់លាស់ស៊ីជម្រៅ និងប្រាកដប្រជា ទើបធានាថាយើងអាចដំណើរការបានយូរអង្វែង។ លោកថា ក្នុងនោះក៏ចាំបាច់ត្រូវរកឱ្យឃើញផងដែរនូវក្តីស្រឡាញ់ និងបុព្វហេតុច្បាស់លាស់មួយដែលនាំឱ្យយើងចង់ធ្វើអាជីវកម្មនោះ។ ចំណុចទាំងអស់នេះជាព្រលឹងនៃអាជីវកម្ម បានន័យថា កាលណាយើងរកឃើញនូវបុព្វហេតុច្បាស់លាស់មួយ យើងនឹងមានកម្លាំងចិត្តមុះមុត រឹងមាំដើម្បីឆ្លងឧបសគ្គនានាដែលកើតមានឡើងក្នុងអាជីវកម្ម។
លោក អ៊ិន ច័ន្ទធារ៉ា បាននិយាយថា៖«ការធ្វើអាជីវកម្ម ត្រូវតែជួបឧបសគ្គ ហើយពេលខ្លះដំណើរឆ្លងឧបសគ្គនេះស្ទើរតែធ្វើឱ្យយើងបោះបង់វាចោលជារើយៗ តែប្រសិនបើយើងមានបុព្វហេតុច្បាស់លាស់មួយយើងនឹងមានកម្លាំងជំរុញដ៏រឹងមាំមួយដែលជាហេតុផលសម្រាប់ឱ្យយើងបន្តដំណើរដោយឥតងាករេ»។
លោកច័ន្ទធារ៉ា បានបន្ថែមទៀតថាសម្រាប់អាជីវកម្មរបស់លោក លោកបង្កើតឡើងដោយសារតែឪពុកម្តាយរបស់លោកជាអ្នកនៅជនបទ និងរស់នៅចិញ្ចឹមជីវិតបានល្អដោយសារតែការធ្វើនំខ្មែរ។ ហេតុនេះ តាំងពីតូចរហូតដល់ធំលោកមានអនុស្សាវរីយ៍ មានក្តីស្រឡាញ់ និងមើលឃើញពីតម្លៃរបស់នំខ្មែរ។ ហេតុនេះហើយទើបលោកបង្កើតអាជីវកម្មនេះឡើង ដើម្បីជំរុញឱ្យនំខ្មែរត្រូវបានគេទទួលស្គាល់ ហើយផ្តល់ជម្រើសថ្មីសម្រាប់យុវជនជំនាន់ក្រោយ។
លោកបានបន្ថែមទៀតថាក្នុងការធ្វើអាជីវកម្មនំខ្មែរនេះ លោកត្រូវឆ្លងកាត់ឧបសគ្គជាច្រើន ដែលពេលខ្លះប្រសិនបើលោកបង្កើតវាដើម្បីតែប្រាក់ចំណូល ប្រហែលជាលោកបោះបង់វាចោលយូរណាស់មកហើយ តែអ្វីដែលធ្វើឱ្យលោកកាន់តែមានកម្លាំងក្នុងការតស៊ូក្នុងអាជីវកម្មមួយនេះ គឺក្តីស្រឡាញ់ពិតប្រាកដ និងគោលបំណងជាក់លាក់មួយគឺចង់ឱ្យនំខ្មែរ ត្រូវបានគេទទួលស្គាល់និងមានឈ្មោះល្បីល្បាញទាំងក្នុងប្រទេស និងក្នុងតំបន់៕