ភ្នំពេញ៖ អ្នកជំនាញបានណែនាំដល់បណ្តាក្រុមហ៊ុនភ្នាក់ងារលក់អចលនទ្រព្យដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាទាំងអស់ កុំលក់នូវគម្រោងណាដែលគ្មានភាពច្បាស់លាល់ និងគ្មានច្បាប់ត្រឹមត្រូវដែលធ្វើឱ្យខូចប្រយោជន៍អតិថិជនរបស់ខ្លួន។
លោក សន សៀប អនុប្រធានប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានពន្យល់ថា បើក្រុមហ៊ុនបានដឹងពីគម្រោងណាមួយនោះមិនល្អ និងមិនមានភាពច្បាស់លាស់ ហើយនៅតែបន្តលក់ទៀត វានឹងធ្វើឱ្យក្រុមហ៊ុនភ្នាក់ងារលក់នោះ ចូលរួមចំណែកក្នុងភាពមិនច្បាស់លាស់ និងមិនគោរពច្បាប់យ៉ាងដូច្នោះដែរ។
លោកថ្លែងថា «កន្លែងហ្នឹងខ្ញុំគិតថា យើងមិនអាចគ្រប់គ្រងទៅលើអ្នកធ្វើបានទេ អ្នកធ្វើខុសចេះតែធ្វើទៅ គេមានច្បាប់ក្នុងការគ្រប់គ្រងសម្រាប់អ្នកធ្វើខុស ហើយអ្វីដែលយើងអាចចូលរួមបាន គឺយើងកុំទៅលក់គម្រោងដែលមិនមានភាពច្បាស់លាស់ហ្នឹង»។
លោកថ្លែងបន្តថា «វាធ្វើអោយយើង ធ្លាក់ខ្លួនចំពោះការធ្វើខុសនេះ ។ កំហុសតែងតែមាន ហើយបើយើងចូលរួម យើងក៏ជាអ្នកខុសដែរ»។
ទោះជាយ៉ាងណា លោក សន សៀប បញ្ជាក់ថា ចំពោះគម្រោងអភិវឌ្ឍន៍អចលនទ្រព្យទាំងអស់ មិនប្រាកដថា មានភាពច្បាស់លាស់ទាំងអស់នោះទេ ដែលទាមទារក្នុងពេលវេលាយូរបន្ថែមទៀត។ ជាមួយគ្នានេះ ក្រុមហ៊ុនភ្នាក់ងារគួរតែចូលរួម តាមរយៈជូនដំណឹងដល់ម្ចាស់គម្រោង ឬដល់សមាគមឱ្យបានដឹង ហើយសមាគមនឹងបន្តជូនដំណឹងដល់ក្រសួងដើម្បីឱ្យមានវិធានការ ។
ជាមួយគ្នានេះ លោក សន សៀប ក៏បានបញ្ជាក់ទៀតថា រាល់ក្រុមហ៊ុនភ្នាក់ងារទាំងអស់ គួរតែមានអាជ្ញាបណ្ណសម្រាប់ប្រកបមុខរបរដែរ។ ក្រុមហ៊ុនភ្នាក់ងារទាំងអស់មានអាជ្ញាប័ណ្ណ បានស្នើដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យដាក់បញ្ញត្តិ ចំពោះក្រុមហ៊ុនអភិវឌ្ឍន៍ដែលមានអាជ្ញាបណ្ណ ហើយពឹងពាក់មកក្រុមហ៊ុនភ្នាក់ងារ នោះក៏តម្រូវឱ្យក្រុមហ៊ុនភ្នាក់ងារមានអាជ្ញាបណ្ណដែរ ដើម្បីលើកកម្ពស់វិស័យចលនទ្រព្យ៕