បច្ចុប្បន្ននេះ មានមនុស្សជាច្រើនបានចាប់អារម្មណ៍លើការប្រកបអាជីវកម្ម ព្រោះវាត្រូវបានគេជឿថា ជាវិធីដែលអាចក្លាយជាអ្នកមានមាន​កិត្តិយស និង​ក្លាយជាមនុស្ស​ហឺហាជាដើម។ តែកន្លងមក​ អ្វីដែលជាបញ្ហាប្រឈមគឺមនុស្សជាច្រើនអាចហក់ចូលក្នុងជីវិតអាជីវកម្មបានខ្លីបំផុត ក៏ត្រូវដួលរលំទៅវិញ។ បញ្ហានេះអាចបណ្តាលមកពីគាត់មិនទាន់មានផ្នត់គំនិតសហគ្រិននៅឡើយ ហើយប្រញ៉ាប់ដើរចូលជីវិតជាជីវកម្មខ្លាំងពេក។

លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុបានលើកឡើងថា សម័យនេះ មានយុវជនជាច្រើនចង់ជោគជ័យតាមរយៈការធ្វើខ្លួនសហគ្រិនវ័យក្មេង។ យើងត្រូវទទួលស្គាល់ថា មនុស្សទាំងអស់មិនអាចក្លាយខ្លួនជាសហគ្រិនបាននោះទេ។ ម្យ៉ាងវិញទៀត បើទោះជាធ្វើការឲ្យគេ ក៏អាចជោគជ័យបានដែរ ឲ្យតែមានស្មារតីសហគ្រិនពិតប្រាកដ។ ខាងក្រោមនេះគឺជាគំនិតខ្លះៗដែលអ្នកគួរធ្វើក្នុងនាមជាបុគ្គលិកដែលមានស្មារតីសហគ្រិន។

១) ធ្វើជាបុគ្គលិកដែលមានគំនិតផ្តួចផ្តើម និងទំនួលខុសត្រូវខ្ពស់។

ស្ថាប័នឬក្រុមហ៊ុនមួយមានការរីកចំរើន លុះត្រាតែមានគំនិតថ្មីៗនិងអនុវត្តគំនិតទាំងនោះប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល (effective and efficient)។ ការចូលរួមផ្តល់នូវគំនិតផ្តួចផ្តើម ដែលនាំឲ្យស្ថាប័នរីកចំរើន នឹងទទួលបានការឲ្យតម្លៃពីសំណាក់និយោជក ហើយរឹតតែទទួលបានការឲ្យតម្លៃទៀតនោះ គឺការទទួលខុសត្រូវក្នុងការបំពេញការងាររបស់បុគ្គលិកម្នាក់ៗ។

២) ចាត់ទុកខ្លួនអ្នកជាផលិតផលដែលត្រូវអភិវឌ្ឍជាប់ជានិច្ច។

បើទោះជាអ្នកចេញពីមហាវិទ្យាល័យ មានសញ្ញាបត្របរិញ្ញា២-៣និងអនុបណ្ឌិតក៏មិនគ្រប់គ្រាន់ដែរ។ អ្នកត្រូវរៀននូវជំនាញខ្លីៗ និងសិក្សាស្រាវជ្រាវជាប់ជាប្រចាំ ដើម្បីអភិវឌ្ឍសមត្ថភាពឲ្យត្រូវនឹងសម័យកាល និងសេចក្តីត្រូវការរបស់និយោជក។ ពោលគឺត្រូវធ្វើខ្លួនជាទ្រព្យដ៏មានតម្លៃ ឬជាគ្រាប់ពេជ្រពិតប្រាកដសំរាប់និយោជក។

៣) ត្រូវចាត់ទុកមិត្តរួមការងារ និងបុគ្គលិកក្រោមបង្គាប់ជាអតិថិជនផងដែរ។

មានបុគ្គលិកមួយចំនួន មិនមានភាពប៉ិនប្រសប់ក្នុងការបំពេញការងារជាក្រុមនោះទេ ហើយតែងមិនសូវមានភាពចុះសំរុងនឹងមិត្តរួមការងារមិនចេះផ្តល់ឱកាសឲ្យបុគ្គលិកក្រោមបង្គាប់ ហើយខំប្រឹងតែយកចិត្តមេ (អ្នកគ្រប់គ្រងរបស់ខ្លួនផ្ទាល់)។ នោះជាកំហុសឆ្គងធំមួយ។ តាមពិតនៅពេលវាយតម្លៃការងារប្រចាំឆ្នាំម្តងៗអ្នកគ្រប់គ្រងដែលឆ្លាតវៃតែងសុំយោបល់ពីអ្នកក្រោមបង្គាប់ និងមិត្តរួមការងារដទៃទៀត។ ត្រង់នេះហើយដែលថាមិត្តរួមការងារ និងបុគ្គលិកក្រោមបង្គាប់ ក៏ជាអតិថិជនរបស់អ្នកដែរ។ ដូច្នេះហើយអ្នកត្រូវមានភាពប៉ិនប្រសប់អាចធ្វើការចុះសំរុងជាមួយមនុស្សគ្រប់ប្រភេទ។ ត្រូវទទួលស្គាល់ថាមនុស្សទាំងអស់មានចរិតមិនដូចគ្នាទេ។

៤) លក់ផលិតផលទៅឲ្យអតិថិជន ដែលឲ្យតម្លៃលើសមត្ថភាពរបស់អ្នកនិងហ៊ានចំណាយ។

ប្រសិនបើធ្វើបានល្អដោយបំពេញនូវចំណុចទី១ ទី២ និងទី៣ ខាងលើរួច ហើយប៉ុន្តែនៅមិនទាន់ទទួលបានការទទួលស្គាល់ពីសមត្ថភាព និងឲ្យតម្លៃពីសំណាក់និយោជក (មិនទទួលបានការតំឡើងឋានៈ ឬប្រាក់ខែឲ្យសមនឹងសមត្ថភាព) អ្នកប្រហែលជាត្រូវពិចារណា រិះរកវិធីលក់ផលិតផលរបស់អ្នក ទៅឲ្យអតិថិជនថ្មីហើយ។ ពោលគឺត្រូវស្វែងរកការងារនៅស្ថាប័ន ឬក្រុមហ៊ុនថ្មីដែលឲ្យតម្លៃលើសមត្ថភាពរបស់អ្នក។ ពេលខ្លះ អ្នកមិនអាចបង្រៀនមាន់ឲ្យឲ្យតម្លៃលើគ្រាប់ពេជ្រនោះទេ មាន់ឲ្យតម្លៃតែលើគ្រាប់ស្រូវតែប៉ុណ្ណោះ។

៥) ប្រើប្រាស់ប្រាក់ខែដែលរកបានដោយភាពឆ្លាតវៃ។

ត្រូវចាត់ទុកប្រាក់ខែ ដែលរកបានដោយលំបាកជាពីរ គឺគ្រាប់បាយនិងគ្រាប់ពូជ។ គ្រាប់បាយគឺចាយតែលើអ្វីដែលចាំបាច់សំរាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ។ គ្រាប់ពូជគឺយកទៅវិនិយោគបង្កើតជាទ្រព្យបន្ត។ ដើម្បីឲ្យមានប្រសិទ្ធិភាពខ្ពស់ជាង៦០%នៃប្រាក់ខែដែលអ្នករកបាន គួរតែប្រើជាគ្រាប់ពូជ។ ធ្វើដូច្នេះអ្នកនឹងមានជីវភាពធូរធាក្នុងរយៈពេលចន្លោះ១០-១៥ឆ្នាំនៃជីវិតការងារជាបុគ្គលិក ព្រោះទាំងរូបអ្នកនិងប្រាក់ដែលអ្នករកបាន សុទ្ធតែខំធ្វើការខ្លាំង។ ចូរចៀសវាងការខំធ្វើការខ្លាំងដើម្បីតែរកប្រាក់ហើយប្រាក់មិនបានជួយធ្វើការបង្កើតប្រាក់បន្ត៕