មនុស្សស្ទើរគ្រប់គ្នា សុទ្ធតែចង់ក្លាយជាមនុស្សដែលមានសមត្ថភាពនិងមានលទ្ធភាពល្អ ក្នុងការរស់នៅ​ដោយភាពជាអ្នកមានសេរីភាពហិរញ្ញវត្ថុ ព្រោះការរស់នៅដោយជីវិតបែបនេះអាចធ្វើឱ្យយើង​មានពេលវេលាច្រើន ដើម្បីស្វែងរក​អត្ថន័យសម្រាប់ជីវិត និងសល់​ធនធានសម្រាប់ជួយដល់អ្នកដទៃ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុបានបង្ហាញវិធីសាស្ត្រសំខាន់ៗមួយចំនួន ​ដើម្បីអភិវឌ្ឍ​លទ្ធភាពឱ្យក្លាយជាអ្នកមានទ្រព្យសម្បត្តិ សមរម្យក្នុងរយៈពេល១៥ឆ្នាំ។ អ្នកជំនាញខាងលើបានបញ្ជាក់ថា អ្នកវិនិយោគធនាគារដីធ្លីសញ្ជាតិអាមេរិក លោក John Jacob Astor និងលោក Songsakdi បានប្រើប្រាស់យុទ្ធសាស្រ្ត Land Banking វិនិយោគរយៈពេលវែង ដោយផ្តោតលើដីធ្លីដែលមានសក្តានុពលខ្ពស់នៅតំបន់ជាយក្រុងបានជោគជ័យរហូតក្លាយជាមហាសេដ្ឋីអចលនទ្រព្យ ដែលមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លា។ កម្ពុជាក៏ជាប្រទេសមួយដែលវិស័យដីធ្លីមានសក្តានុពលខ្លាំងដែរ ដូច្នេះខ្ញុំជឿជាក់ថា លោកអ្នកជាពិសេសប្អូនៗយុវជនអាចប្រើយុទ្ធសាស្រ្តនេះដើម្បីអាចចូលនិវត្តន៍បានដោយធ្វើការត្រឹមតែ១៥ឆ្នាំប៉ុណ្ណោះ។

លោកបានផ្តល់ជាឧទាហរណ៍ថា ប្រសិនបើអ្នកមានអាយុ២៥ឆ្នាំហើយអ្នកសន្សំប្រាក់បាន ១ខែ ៥០០ដុល្លារ ឬ៦០០០ដុល្លាក្នុង១ឆ្នាំៗ ដើម្បីវិនិយោគលើដីធ្លីដែលមានកំណើន តម្លៃ២០%ក្នុង១ឆ្នាំ នោះ១៥ឆ្នាំក្រោយ (នៅពេលដែលអ្នកមានអាយុ៤០ឆ្នាំ) អ្នកអាចមានទ្រព្យសម្បត្តិប្រហែល កន្លះលានដុល្លា។ ទ្រព្យសម្បត្តិត្រឹមកន្លះលានដុល្លា មិនច្រើនទេ ប៉ុន្តែអាចអោយអ្នកចូលនិវត្តន៍បានប្រសិនបើអ្នកចេះរស់នៅក្នុងជីវិតសាមញ្ញ (ពោលគឺចំណាយតិច) ហើយចេះចាត់ចែងទ្រព្យទាំងនោះ ដើម្បីបន្តបង្កើនចំណូលឬជាទ្រព្យបន្ថែម។ ឧទាហរណ៍ខាងលើគ្រាន់តែជាករណីដ៏សាមញ្ញ១ប៉ុណ្ណោះ ជាក់ស្តែងប្រសិនបើអ្នកជាបុគ្គលដែលមានភាពអំណត់ពូកែសន្សំឬប្រើប្រាស់ប្រភពទុនពីធនាគារ និងមានភាពវៃឆ្លាតខ្លាំងក្នុងការវិនិយោគក្នុងរយៈពេល១៥ឆ្នាំ អ្នកអាចសន្សំទ្រព្យបានរាប់លានដុល្លាតាមរយៈធនាគារដីធ្លី។

ដើម្បីសំរេចបាននូវលទ្ធផលខាងលើ អ្នកជំនាញហិរញ្ញវត្ថុខាងលើណែនាំថា យើងគួរអនុវត្តន៍នូវជំហានទាំង៤ខាងក្រោម៖

ជំហានទី១ គឺកសាងសមត្ថភាព (building skills)

 អ្នកត្រូវរៀនសូត្រពីការវិនិយោគ និងរបៀបធ្វើធនាគារដីធ្លីពីបុគ្គលដែលមានបទពិសោធន៍ ស្វែងយល់ពីផ្លូវច្បាប់ ទីផ្សារ និងជំនាញដទៃទៀតដូចជាការចរចា។ល។ ជាពិសេសអ្នកគួរមានបុគ្គលដែលមានបទពិសោធន៍អនុវត្តផ្ទាល់ ធ្វើជាអ្នកប្រឹក្សាយោបល់ (mentor) ដើម្បីជួយតំរង់ទិស និងផ្តល់យោបល់ដល់អ្នក។


ជំហានទី២ គឺធ្វើផែនការវិនិយោគ (planning)

អ្នកត្រូវប្រើពេលវេលារយៈពេលវែងរបស់អ្នក អោយមានប្រសិទ្ធិភាពខ្ពស់។ក្នុង១ឆ្នាំៗ តើអ្នកនឹងវិនិយោគដីធ្លីប៉ុន្មានកន្លែង? ទំហំដីប៉ុណ្ណា? នៅតំបន់ណា? ទំហំទុនវិនិយោគប៉ុណ្ណា? តើអ្នកបានប្រភពទុនពីណា? ក្នុង១ឆ្នាំៗអ្នកត្រូវគេតំឡើងប្រាក់ខែប៉ុន្មានភាគរយដើម្បីបង្កើនលទ្ធភាពវិនិយោគ?

ជំហានទី៣ គឺ ការបង្កើនទ្រព្យ (wealth accumulation) 

អ្នកចាប់ផ្តើមសិក្សាពីជំរើសនៃការវិនិយោគទៅតាមផែនការដែលបានគ្រោងទុក។ ជារៀងរាល់ឆ្នាំអ្នកអនុវត្តតាមផែនការ និងមានភាពបត់បែនខ្លះៗទៅតាមសភាពការណ៍ជាក់ស្តែង។ រួចអ្នករង់ចាំមើលការវិវត្តតាមរយៈភាពរីកចំរើននៃសេដ្ឋកិច្ចនិងការកសាងហេដ្ឋារចនាសម្ពន្ធ័ដូចជា ផ្លូវ ទឹក ភ្លើង សំណង់លំនៅដ្ឋាននិងរោងចក្រជាដើម។ល។ កំណើនប្រជាជនចាប់ផ្តើមកើនឡើងខ្លាំងតំរូវការដីធ្លីក៏មានកាន់តែខ្លាំង រីឯតម្លៃក៏ឡើងតាមនោះដែរ។

ជំហានទី៤ គឺការបែងចែកទ្រព្យសម្បត្តិ (wealth distribution)

 ប្រមាណ១៥ឆ្នាំក្រោយជាដំណាក់កាលដែលអ្នកប្រមូលផលពីការវិនិយោគលើធនាគារដីធ្លីប្រកបដោយចក្ខុវិស័យ។ អ្នកអាចលក់ដីធ្លីមួយចំនួនដើម្បីបង្កើតជាចំណូលប្រចាំខែ ឬលក់ដីធ្លីខ្លះទៀតយកទុនទៅវិនិយោគលើឃ្លាំង ឬអគារសំរាប់ជួលឬវិនិយោគក្នុងក្រុមហ៊ុននានាយកភាគលាភប្រចាំឆ្នាំ (annual dividend) ដើម្បីចិញ្ចឹមគ្រួសារ និងរីករាយជាមួយជីវិតដែលមានសេរីភាពហិរញ្ញវត្ថុ។ សកម្មភាពវិនិយោគទាំងនេះសុទ្ធតែជាការរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ចំណែកដីធ្លីខ្លះទៀតដែលនៅមានសក្តានុពលកើនតម្លៃខ្ពស់គួរបន្តរក្សាទុកជាការបង្កើនទ្រព្យ។

សូមបញ្ជាក់ថា អត្ថបទខាងលើគឺជាលទ្ធផលនៃការអនុវត្តជាក់ស្តែងការសិក្សាស្រាវជ្រាវ និងការវិភាគទៅតាមបរិបទនៃទីផ្សារ និងសេដ្ឋកិច្ចកម្ពុជា៕