សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ភ្នំពេញ ៖ អ្នកជំនាញផ្នែកវិភាគសេដ្ឋកិច្ចកម្ពុជា លោក ង៉ែត ជូ បានឡើងធ្វើបទបង្ហាញ ដោយនិយាយពីការវិវត្តនៃអាជីពទាំង៣នៅកម្ពុជា “បុគ្គលិក ម្ចាស់អាជីវកម្ម និងអ្នកវិនិយោគ” ដែលត្រូវបានឆ្លងកាត់ និងបែងចែកនូវពេលវេលា រួមជាមួយនឹងភាពប្រឈមផងដែរ។ 

តាមរយៈបណ្តាញទំនាក់ទំនងអេឡិចត្រូនិក លោក ង៉ែត ជូ បានសរសេរបញ្ជាក់ពីការវិវត្តនៃរបត់អាជីពទាំង៣ដូចខាងក្រោម៖  

១) កាលពី១០-២០ឆ្នាំមុន បំណងប្រាថ្នាររបស់មាតាបិតា និងយុវជន ចង់អោយយុវជនមានការងារជាបុគ្គលិកអង្គការ ក្រុមហ៊ុន ឬធនាគារ។ 

២) ក្នុងកំឡុងពេល៥ឆ្នាំចុងក្រោយនេះ យុវជនមួយចំនួនបានគិតគូរ និងមានចំណង់ចង់ក្លាយជាសហគ្រិន ឬម្ចាស់អាជីវកម្ម។ 

៣) បចុប្បន្ន យុវជនមួយចំនួនចាប់ផ្តើមគិតគូរ និងមានចំណង់ចង់ក្លាយជាអ្នកវិនិយោគ ដោយប្រើប្រាក់ខែដែលសន្សំបានអោយជួយធ្វើការបង្កើតជាផលចំណេញតាមរយៈការវិនិយោគ លើជម្រើសនានាដូចជាភាគហ៊ុន អចលនទ្រព្យ។ល។ ចំណង់នេះទាមទារអោយយុវជនត្រូវខិតខំកសាងសមត្ថភាពអោយបានកាន់តែខ្លាំង។ 

ទោះជាយ៉ាងណាសេដ្ឋកិច្ចមួយមានការរីកចំរើន គឺត្រូវការប្រភេទអាជីពទាំង៣បំពេញអោយគ្នា។ ម្ចាស់អាជីវកម្មត្រូវការដើមទុន និងបុគ្គលិកដើម្បីបំពេញការងារ។ អ្នកវិនិយោគផ្តល់ទុន ជំនាញ និងគំនិតយោបល់ក្នុងការដឹកនាំដល់ម្ចាស់អាជីវកម្ម។ ទាំងអស់គ្នាត្រូវរៀនសូត្រជាប់ជាប្រចាំដើម្បីដើរអោយទាន់ការវិវត្តនៃសេដ្ឋកិច្ច និងមានជំនាញគ្រប់គ្រាន់ក្នុងការបំពេញការងាររៀងៗខ្លួន៕