លោក ង៉ែត ជូ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ

ការគ្រប់គ្រងហិរញ្ញវត្ថុ  ជាផ្នែកយ៉ាងសំខាន់សម្រាប់ជីវិតមនុស្សយើងម្នាក់ៗ  ព្រោះ​ប្រសិនបើយើងគ្រប់គ្រងហិរញ្ញវត្ថុមិនបានល្អ នោះយើងនឹងមិនអាចសម្រេចក្តីស្រមៃធំៗនានាបាននោះទេ។ ជាក់ស្តែងប្រសិនបើយើងគ្មានលទ្ធភាពក្នុងការស្វែងរកឯករាជ្យភាពសេដ្ឋកិច្ចខ្លួនឯងទេ យើងក៏មិនអាចក្លាយជាមនុស្សម្នាក់ដែលមានឯករាជ្យភាពពីគ្រួសារ មានលទ្ធភាពបន្តការសិក្សា  ឬបង្កើត​សម្មិទ្ធិផលណាដែលសំខាន់សម្រាប់ជីវិតខ្លួនឯងដែរ។

ពាក់ព័ន្ធឹនឹងបញ្ហានេះ  អ្នកជំនាញហិរញ្ញវត្ថុ  លោក  ង៉ែត  ជូ បានលើកឡើងថា  យុវវ័យចាំបាច់ត្រូវតែមានចំណេះដឹងហិរញ្ញវត្ថុទើបអាចអភិវឌ្ឍជិវិតបានល្អ និងមានសេរីភាពហិរញ្ញវត្ថុនៅថ្ងៃអនាគត។  លោកថា  យុវជនជាច្រើននៅកម្ពុជាចូលចិត្តចាយលុយ តែមិនចូលចិត្តសន្សំលុយនោះទេ  ហេតុនេះហើយទើបពេលខ្លះពួកគេត្រូវរស់នៅក្នុងជីវិតដែលមិនមានការអភិវឌ្ឍខ្លាំងផ្នែកជីវភាព។

អ្នកជំនាញខាងលើបញ្ជាក់ថា  មនុស្សម្នាក់ៗគួរចាយវាយលើផ្នែកសំខាន់ៗ៤យ៉ាង ដើម្បីឲ្យជីវិតកាន់តែមានភាពរីកចម្រើន។ ចំណុចសំខាន់ទី១  គឺមនុស្សម្នាក់ៗគួរវិនិយោគឬចាយវាយលើការអភិវឌ្ឍសមត្ថភាព។  ផ្នែកនេះជាផ្នែកសំខាន់ខ្លាំងណាស់  ព្រោះនៅពេលយើងមានសមត្ថភាពកាន់តែខ្លាំង  និងទូលំទូលាយ  វានឹងអាចធ្វើឲ្យយើង​មានឱកាសកាន់តែខ្លាំងក្នុងការធ្វើការងារកាន់តែធំជាងមុន ឬអភិវឌ្ឍសមត្ថភាពមុខរបរកាន់តែខ្លាំងជាងមុន។

លោក  ង៉ែត  ជូ មានប្រសាសន៍ថា៖  «​ការវិនិយោគលើការសិក្សាមិនប្រាកដថាត្រូវវិនិយោគលើការបន្តការសិក្សាក្នុងសាលានោះទេ តែការស្វះស្វែងររៀនសូត្រពីវគ្គជំនាញខ្លី  ការអានសៀវភៅ  ឬការស្រាវជ្រាវពីបច្ចេកវិទ្យាក៏ជាផ្នែកដ៏ល្អដែលយើងរៀនបានដែរ»។

ផ្នែកសំខាន់ទី២  ដែលលោក  ង៉ែត  ជូ ណែនាំគឺ ការប្រើប្រាស់ប្រាក់ដើម្បីវិនិយោគ  ឬធ្វើឲ្យប្រាក់បង្កើតកូនដោយខ្លួនឯង  ដូចជាការវិនិយោគជាមួយនឹងការទិញភាគហ៊ុន  ការវិនិយោគលើអចលនទ្រព្យ  ឬការចូលគ្នាបង្កើតអាជីវកម្មដើម្បីឲ្យចរន្តលុយ​ដើរ ហើយបង្កើតបានជាភាគលាភ  ឬលុយចំណេញមកវិញ។ ចំណុចនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយចំណុចដំបូង ព្រោះដើម្បីវិនិយោគប្រកបដោយភាពឆ្លាតវៃនិងទទួលបានផលចំណេញ  យើងម្នាក់ៗគួរមានចំណេះដឹងជាមូលដ្ឋានឲ្យរឹតមាំជាមុនសិន ទើបគេមិនបោកយើងបាន ឬមិនធ្វើឲ្យយើងខាតបង់។

ការចំណាយត្រឹមត្រូវទី៣  គឺ​យើងគួរចំណាយដើម្បីបង់រំលោះទិញផ្ទះ  ទ្រព្យ  ឬសន្សំក្នុងធនាគារ។ ការទិញផ្ទះក៏គួរទិញឲ្យសមល្មមតាមតម្រូវការ  កុំឡូយឆាយពេកដែលធ្វើឲ្យយើងខាតបង់ការប្រាក់ច្រើន  តែគួរទិញផ្ទះណាដែលមានឱកាសចំណេញ  ឬដើម្បីជាជម្រករឹងមាំ​កាត់បន្ថយការចំណាយលើការជួលផ្ទះគេ។ វាក៏ជាផ្នែកយ៉ាងសំខាន់មួយក្នុងការធ្វើឲ្យយើងមានវិន័យខ្លួនឯងផងដែរ ព្រោះបង់រំលោះផ្ទះត្រូវការ​ផែនការច្បាស់លាស់ទើបអាចធ្វើបាន។

ចំណុចសំខាន់ទី៤  គឺព្យាយាមរស់នៅក្នុងជីវិតដែលពោរពេញទៅដោយភាពសាមញ្ញ និងកុំឲ្យខ្លួនឯងលង់ខ្លួនក្នុងសម្ភារៈនិយម។ ចំណុចនេះសំខាន់ខ្លាំងណាស់សម្រាប់យុវជននាពេលបច្ចុប្បន្ន ដែលចូលចិត្ត​ប្រើប្រាស់ឧបករណ៍​អេឡិចត្រូនិកទំនើបៗ ផលិតផលម៉ាកល្បី  ឬចូលចិត្តបង្អួតពីភាពហ៊ឺហាជាដើម។  ហេតុនេះដើម្បីសល់លុយច្រើន  សម្រាប់ធ្វើរឿងដែលមានប្រយោជន៍ត្រូវតែចេះគ្រប់គ្រងខ្លួនឯងឲ្យបានល្អ និងបែងចែកឲ្យដាច់ពីតម្រូវការ  និងចំណង់៕