រាជធានីភ្នំពេញ៖ បន្ទាប់ពីបានចេញរបាយការណ៍ប្រមូលពន្ធដារប្រចាំឆមាសទី១ឆ្នាំ ២០២០ បានបង្ហាញជាចម្ងល់ច្រើន ពីការ កើនឡើងចំនួន១២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ទោះជាក្នុងស្ថានភាពកូវីដ១៩ក្ដី។
បកស្រាយនូវចម្ងល់នេះ លោក គង់ វិបុល ដែលជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងថា៖ « ដោយសារតែឆ្នាំសារពើពន្ធនៃការដាក់លិខិតប្រកាសបង់ពន្ធ នៃប្រាក់ចំណេញប្រចាំឆ្នាំ២០១៩លើសផែនការជាង២៣ភាគរយ ដូច្នេះកំសួលនៃកំណើនក្នុងឆ្នាំ២០១៩នេះនៅបន្ដមានសន្ទុះដល់ឆ្នាំ២០២០ ដោយសារតែការប្រកាសបង់ពន្ធនៃប្រាក់ចំណេញ នៅឆ្នាំ២០១៩ត្រូវយកមកប្រកាសនៅក្នុងឆ្នាំ២០២០ ហើយកម្រិតនៃការចំណេញឆ្នាំ២០១៩ដែលប្រកាសបង់ក្នុងឆ្នាំ២០២០ មានការកើនឡើងជាងឆ្នាំ២០១៨ទៅទៀត»។ នេះបើតាមការរៀបរាប់របស់លោកក្នុងវីដេអូ Live កាលពីព្រឹកថ្ងៃទី ២៤ កក្កដា ២០២០នេះ។
លោកបានបន្ដដែរថា ក្នុងខែមិនា ក្នុងឆ្នាំ២០២០នេះ ចំណូលបានប្រមាណជា៦៦៤លានដុល្លារហើយយកមកផ្គួបផ្សំគ្នា បានធ្វើឲ្យចំណូលនេះ មានការកើនឡើងជាងឆ្នាំ២០១៩ប្រមាណជា១២ភាគរយ។
លោកក៏បានបញ្ជាក់ដែរថា ចំណូលពន្ធដារបន្ទាប់ពីខែ៣មក មានការថយចុះ ដោយសារតែជំងឺកូវីដ១៩ពិសេសប៉ះពាល់សេដ្ឋកិច្ចកម្ពុជាខ្លាំងណាស់ ក៏ដូចជាប៉ះពាល់សេដ្ឋកិច្ចពិភពលោកទាំងមូលជាពិសេសលើវិស័យទេសចរណ៍ ជាក់ស្ដែងក្នុងខេត្តសៀមរាប៕