សហគ្រិនភាព ជាពាក្យដែលងាយនិយាយនិងតែមិនងាយអនុវត្តនោះទេ។ ជាសហគ្រិនល្អម្នាក់ ចាំបាច់ត្រូវតែជាអ្នកដែលមានគំនិតទូលំទូលាយ មានបទពិសោធន៍និងមានគំនិតបត់បែនខ្ពស់បំផុត។
លោក គង់ វិចិត្រា សហគ្រិនមួយរូបដែលជាម្ចាស់អាជីវកម្មពាក់ព័ន្ធនឹងអចលនទ្រព្យ បានលើកឡើងថា សហគ្រិនជាបុគ្គលសំខាន់ដែលអាចជួយដល់សង្គម តាមរយៈការបង្កើតអាជីវកម្មថ្មីៗដើម្បីដោះស្រាយបញ្ហាសង្គម និងជាអ្នកដែលផ្តល់ការងារជាច្រើនដល់ប្រជាជន។ ទោះជាយ៉ាងនេះក្តី ដើម្បីក្លាយជាសហគ្រិនមួយរូបមិនមែនជារឿងងាយពេកនោះទេ។ សហគ្រិនត្រូវការចំណេះដឹងទូលំទូលាយ មានបទពិសោធន៍ជ្រៅជ្រះ ពាក់ព័ន្ធនឹងវិធីសាស្ត្រដោះស្រាយបញ្ហា និងមានគំនិតបង្កើតថ្មី ដើម្បីធ្វើយ៉ាងណាឱ្យសេវាកម្មឬផលិតផលរបស់ខ្លួននៅតែរក្សាភាពសំខាន់ក្នុងទីផ្សារ។
លោក គង់ វិចិត្រា បាននិយាយថា៖«ដើម្បីឱ្យយើងក្លាយជាសហគ្រិនដែលមានគំនិតទូលំទូលាយ និងអភិវឌ្ឍបានល្អចាំបាច់ត្រូវតែចេះប្រមូលគំនិតល្អៗរបស់អ្នកដទៃដើម្បីពង្រឹងសមត្ថភាពឱ្យកាន់តែប្រសើរឡើង»។
បើតាមលោក គង់ វិចិត្រា សហគ្រិនចាំបាច់ត្រូវតែសិក្សាឱ្យបានជាប់ជានិច្ច ទើបអាចធានាបានថាសហគ្រាសរបស់ខ្លួនអាចឈរជើងបានយូរក្នុងទីផ្សារ។ ហេតុផល គឺពិភពលោកតែងតែប្រែប្រួលជាប់ជានិច្ចពីមួយថ្ងៃទៅមួយថ្ងៃ។របៀបរបបនៃការរស់នៅ ការប្រែប្រួលរបត់សង្គម បច្ចេកវិទ្យានិងរឿងរ៉ាវជាច្រើនផ្សេងទៀតជំរុញឱ្យសហគ្រិនត្រូវតែរៀនដើម្បីអភិវឌ្ឍអាជីវកម្មរបស់ខ្លួនឱ្យបានល្អ។ លោកថា នៅក្នុងចំណោមវិធីសាស្រ្តសំខាន់ៗដើម្បីរៀនការសិក្សាពីយោបល់អ្នកដទៃ ជារឿងល្អមួយដែលអាចយកមកអនុវត្តបាន។
លោកថាជាសហគ្រិនមួយរូប ចៀសមិនផុតពីទំនាក់ទំនងជាមួយនឹងមនុស្សម្នាខាងក្រៅនោះទេ។ ហេតុនេះអ្វីដែលយើងអាចធ្វើបាន គឺព្យាយាមឱ្យអស់ពីលទ្ធភាពចែករំលែកអ្វីដែលខ្លួនបានដឹង ដើម្បីជាប្រយោជន៍ទាំងអស់គ្នា និងសិក្សាពីអ្វីដែលអ្នកដទៃចែករំលែកដោយភាពស្មោះត្រង់។ នៅពេលនោះ យើងនឹងអាចអភិវឌ្ឍជាមួយគ្នាហើយថែមទាំងអស់យល់ពីគ្នាដើម្បីសហការឆ្ពោះទៅរកវឌ្ឍនៈភាពអាជីវកម្មប្រកបដោយនិរន្តរភាព៕