ការធ្វើការងារមិនមែនត្រឹមតែទទួលបានប្រាក់ខែ ឬប្រាក់ចំណូលប៉ុណ្ណោះទេ តែវាក៏ជាពេលវេលាល្អក្នុងការអភិវឌ្ឍខ្លួន ឆ្ពោះទៅរកអ្វីដែលជាបំណងប្រាថ្នាប្រចាំជីវិតរបស់យើងផងដែរ។
កន្លងមកមានបុគ្គលខ្លះបានធ្វើការងារជាច្រើនឆ្នាំ តែនៅតែមិនអាចអភិវឌ្ឍបានលឿនឬស្ថិតនៅទ្រឹងមួយកន្លែងជាមួយនឹងការងារដដែលៗ។ បញ្ហាទាំងអស់នេះ ត្រូវបានគេមើលឃើញថាគាត់ធ្វើការងាររាល់ថ្ងៃដោយគ្មានវត្ថុបំណងជីវិតច្បាស់លាស់។
លោក កែវ ឡង់ឌី សហគ្រិនកម្ពុជាមួយរូបបានលើកឡើងថា អ្នកធ្វើការងារត្រូវដឹងឱ្យច្បាស់ពីគោលបំណងប្រាថ្នាប្រចាំជីវិតរបស់ខ្លួន ហើយខិតខំបំពេញការងារឱ្យអស់ពីចិត្ត ដើម្បីសម្មិទ្ធផលស្ថាប័នផងនិងដើម្បីបំពេញគោលដៅរបស់ខ្លួនផង។ លោកថា ប្រសិនបើយើងចង់ក្លាយជាសហគ្រិន យើងគួរព្យាយាមគិតថា កន្លែងធ្វើការងារជាកន្លែងសម្រាប់រៀនសូត្រលើចំណេះ ជំនាញ បទពិសោធន៍ និងទំនាក់ទំនងដើម្បីក្លាយជាសហគ្រិននៅថ្ងៃណាមួយ។
ទីតាំងការងារជាកន្លែងល្អបំផុត ដែលយើងអាចសិក្សាដោយមិនបង់ថ្លៃ ហើយថែមទាំងទទួលបានប្រាក់ចំណូលថែមទៀតផង។ ហេតុនេះប្រសិនបើយើងទទួលបានឱកាសការងារណាមួយ ដែលខ្លួនពេញចិត្តហើយចាំបាច់ត្រូវតែរក្សាឱកាសនោះឱ្យបានល្អ ហើយខិតខំឱ្យអស់ពីសមត្ថភាពដើម្បីធ្វើវាឱ្យទទួលបានលទ្ធផលល្អ។
លោក កែវ ឡង់ឌី បាននិយាយថា៖«ពេលដែលខ្ញុំធ្វើការ ខ្ញុំមិនដែលមានអារម្មណ៍ថាខ្ញុំជាបុគ្គលិកគេនោះទេ»។
សហគ្រិនខាងលើបានលើកឡើងផងដែរថា ការដែលលោកគិតបែបនេះ គឺដោយសារតែលោកតែងយល់ថា ស្ថាប័នដែលលោកកំពុងធ្វើការងារនោះជាស្ថាប័នដែលលោកបានរួមចំណែក ហើយសម្មិទ្ធផលទាំងអស់គឺដើម្បីទាំងអស់គ្នា។ ហេតុនេះហើយ ទើបលោកធ្វើការងារយ៉ាងអស់ពីចិត្ត និងអស់ពីសមត្ថភាពដើម្បីធ្វើការងារគ្រប់យ៉ាង ទាំងការងារងាយស្រួលនិងការងារលំបាកៗដោយគ្មានការត្អូញត្អែ។
លោកថាគ្មានស្ថាប័នណាដែលអាចអភិវឌ្ឍទៅបានមានតែថៅកែនោះទេ តែចាំបាច់ណាស់ត្រូវមានការចូលរួមពីបុគ្គលិកផងដែរ។ ហេតុនេះកាលណាបុគ្គលិកម្នាក់ៗ មានគំនិតច្បាស់លាស់ក្នុងការចូលរួមអភិវឌ្ឍនោះស្ថាប័នទាំងមូល នឹងអាចអភិវឌ្ឍបានលឿន ដែលធ្វើឱ្យអនាគតនិងផលប្រយោជន៍សំខាន់ចុងក្រោយ ត្រូវបានទាំងអស់គ្នាគឺទទួលបានលទ្ធផលជាវិជ្ជមានទាំងសម្រាប់អ្នកគ្រប់គ្រងស្ថាប័ន និងសម្រាប់បុគ្គលិកខ្លួនឯងផ្ទាល់៕