ក្នុងការរស់នៅ មនុស្សគ្រប់គ្នាសុទ្ធតែអាចឆ្លងកាត់ការឈឺចាប់ ព្រោះជីវិតមនុស្សចាំបាច់ត្រូវរស់នៅក្នុងភាពប្រែប្រួល។គ្មានអ្នកណាអាចរស់នៅពេញមួយជីវិត ដែលមិនជួបសេចក្តីសុខទាល់តែសោះ ហើយក៏គ្មានអ្នកណាដែលរស់នៅដោយគ្មានជួបទុក្ខទាល់តែសោះដូចគ្នា។ សុខនិងទុក្ខ វាតែងតែផ្លាស់ប្តូរវេនគ្នា ចូលមកកាន់ជីវិតរបស់យើងមិនអាចជៀសបានឡើយ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក កែវ ឡង់ឌី អគ្គនាយកក្រុមហ៊ុន Sromoch Trading បានលើកឡើងថា ក្នុងជីវិតរស់នៅអ្នកណាក៏ធ្លាប់ជួបវិបត្តិនិងបញ្ហាក្នុងជីវិតដែរ តែអ្វីដែលជាចំណុចខុសគ្នាគឺ សកម្មភាពក្នុងការឆ្លើយតបជាមួយបញ្ហា។មានអ្នកខ្លះជួបទុក្ខលំបាក ត្រូវអង្គុយសំងំត្រាំត្រែងជាមួយនឹងទុក្ខលំបាក ហើយធ្វើឱ្យបញ្ហាលំបាក ឬវិបត្តិទាំងអស់នោះវាយប្រហារលើជីវិតរបស់ពួកគេធ្ងន់ធ្ងរ។ ទីបំផុត បញ្ហាក្នុងជីវិតបានធ្វើឱ្យគេត្រូវរស់នៅជាមួយ នឹងភាពអសកម្មហើយកាន់តែអន់ថយទៅ អន់ថយទៅ រកចំណុចអភិវឌ្ឍមិនឃើញ។
ផ្ទុយមកវិញ លោកឡង់ឌី ពន្យល់ថា មនុស្សមួយចំនួនបែរជាមើលឃើញថា វិបត្តិគឺជាកម្លាំងជំរុញដើម្បីឱ្យមានការខិតខំប្រឹងប្រែងទៅវិញ។ អ្នកខ្លះដោយសារតែវិបត្តិ បានជំរុញឱ្យគេមានបុព្វហេតុផ្លូវចិត្តយ៉ាងសំខាន់ដើម្បីឱ្យគេបង្កើតបានជាថាមពល ជំរុញឱ្យខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលយ៉ាងល្អសម្រាប់ជីវិត។
លោក កែវ ឡង់ឌី បាននិយាយថា៖ «តាមពិតទៅ បើយើងមើលឱ្យបានស៊ីជម្រៅពីវិបត្តិ យើងឃើញថា គ្មានអ្នកណាម្នាក់ចង់ជួបវិបត្តិឬការឈឺចាប់នោះទេ។ ហេតុនេះបើយើងជៀសវាមិនបានទៅហើយ អ្វីដែលយើងត្រូវធ្វើគឺកុំខ្ជះខ្ជាយការឈឺចាប់នោះ តែគួរប្រើប្រាស់វាដើម្បីធ្វើជាកម្លាំងជំរុញទឹកចិត្ត ឱ្យកាន់តែមុះមុតទៅវិញទើបជាការប្រសើរ»។
សហគ្រិនខាងលើបានបន្ថែមទៀតថា មនុស្សម្នាក់ៗមានជម្រើសររៀងៗខ្លួនថាតើ បណ្តែតបណ្តោយឱ្យវិបត្តិគ្រប់គ្រងយើងឬយើងគ្រប់គ្រងវិបត្តិ។ ហេតុនេះហើយ អ្វីដែលត្រូវធ្វើគឺពង្រឹងភាពជាម្ចាស់ការខ្លួនឯង ហើយប្រើប្រាស់គ្រប់ស្ថានការណ៍ក្នុងជីវិតដើម្បីធ្វើឱ្យការរស់នៅរីកចម្រើន៕