គ្រាន់តែកំណត់គោលដៅ និងរៀបចំផែនការជីវិត អ្នកណាក៏អាចធ្វើបានដែរតែការបង្កើតកម្លាំងជំរុញឱ្យផែនការសកម្មភាពទាំងអស់នោះ អនុវត្តបានយូរអង្វែងទើបជារឿងលំបាក។
ទាក់ទង នឹងបញ្ហានេះលោក Christopher Lee អ្នកជំនាញផ្នែកអភិវឌ្ឍន៍មនុស្សបានលើកឡើងថា ដើម្បីឱ្យមនុស្សសម្រេចគោលដៅបានប្រសើរ ពួកគេចាំបាច់ត្រូវតែមានកត្តាសំខាន់មួយចំនួនដើម្បីជំរុញទឹកចិត្ត។ ការជំរុញទឹកចិត្តអាចកើតចេញពីប្រភពជាច្រើន ហើយក៏មានកត្តាជាច្រើនដែលធ្វើឱ្យថាមពលដ៏សំខាន់នេះបាត់បង់ដែរ។ ហេតុនេះមនុស្សម្នាក់ៗត្រូវតែស្វែងរកឱ្យឃើញ នូវមូលហេតុសំខាន់ៗមួយចំនួនដែលជាចលករក្នុងការជំរុញទឹកចិត្តឱ្យចង់អនុវត្តផែនការជីវិតប្រកបដោយភាពរីករាយនិងក្តីស្រឡាញ់។
លោក Christopher Lee បាននិយាយថា ៖“មនុស្សដែលមានកត្តាជំរុញខ្លាំង គឺមនុស្សដែលមានគោលមានការតស៊ូព្យាយាម មានដៅច្បាស់លាស់និងមានចំណង់ដ៏លើសលប់»។
លោក Christopher Lee បានបញ្ជាក់ផងដែរថា មនុស្សដែលគ្មានគោលដៅគាត់អាចធ្វើការងាររាល់ថ្ងៃដើម្បីតែប្រាក់ខែរបស់គាត់នៅចុងខែ ឬព្រោះតែការងារនោះជាអ្វីដែលមេរបស់គាត់ដាក់ឱ្យតែប៉ុណ្ណោះ តែគាត់មិនបានដឹងពីគោលបំណងពិតប្រាកដ និងសារៈសំខាន់នៃការងាររបស់គាត់នោះទេ។
មនុស្សដែលមានគោលដៅច្បាស់លាស់ គាត់ដឹងយ៉ាងច្បាស់ពីកន្លែងដែលគាត់ត្រូវទៅ និងគុណតម្លៃនៃការងាររបស់គាត់ចំពោះសង្គម ឬចំពោះមនុស្សជំនាន់ក្រោយដែលធ្វើឱ្យពួកគាត់បើកចិត្តបានទូលាយ ក្នុងការជំរុញខ្លួនឯងឱ្យធ្វើការងារជាច្រើនដោយតម្លៃខ្ពស់។ ក្រៅពីនេះ ការតស៊ូព្យាយាមក៏ជាចំណុចមិនអាចខ្វះបានផងដែរ សម្រាប់មនុស្សព្រោះថាមនុស្សដែលមិនពូកែក៏ដោយ ឱ្យតែមានសេចក្តីតស៊ូព្យាយាមខ្ពស់គាត់នឹងអាចទទួលបានជោគជ័យ ដូចគ្នាឱ្យតែការតស៊ូនោះត្រូវបានធ្វើឡើងជាប់រហូតដោយមិនបោះបង់។
អ្នកជំនាញខាងលើបានលើកឡើងផងដែរថា សិស្សមួយចំនួនដែលពូកែមិនប្រាកដថាជោគជ័យនោះទេ វាអាស្រ័យលើការព្យាយាមខ្លាំងកម្រិតណា ព្រោះថាមនុស្សដែលមានការតាំងចិត្តនិងតស៊ូព្យាយាមខ្ពស់ ជាមនុស្សដែលមិនងាយបោះបង់នោះទេ ហើយជាទូទៅមនុស្សដែលមិនបោះបង់ និងមិនព្រមចុះចាញ់ការបរាជ័យ និងបន្តអភិវឌ្ឍជានិច្ចនោះភាគច្រើនជាមនុស្សដែលមានប្រសិទ្ធភាពការងារខ្ពស់។ គេនៅតែខំម្តងហើយម្តងទៀតនិងអាចតស៊ូជាមួយស្ថានភាពលំបាកដែលអាចជំរុញឱ្យពួកគេរកឃើញនូវវិធីសាស្ត្រល្អបំផុតដើម្បីសម្រេចជោគជ័យលើការងាររបស់ពួកគេ។ម្យ៉ាងវិញទៀត ការមានចំណង់ដ៏លើសលប់ ក៏ជាមូលហេតុសំខាន់មួយផងដែរក្នុងការជំរុញមនុស្សឱ្យទទួលបានជោគជ័យក្នុងភារកិច្ចការងាររបស់ខ្លួន។
នៅពេលដែលមនុស្សណាម្នាក់ បានដឹងច្បាស់ពីសារៈសំខាន់នៃការងាររបស់ខ្លួន ហើយមានបំណងច្បាស់លាស់ក្នុងការធ្វើការងារ គេបានស្រមៃយ៉ាងច្បាស់ពីភាពជោគជ័យដែលគេចង់ឃើញ ដែលរូបភាពទាំងអស់នេះនឹងរុញច្រានពួកគេឱ្យក្លាយជាមនុស្សដែលមានថាមពលខ្លាំងក្នុងការអនុវត្តការងារលំបាកៗបានយ៉ាងល្អ៕