សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទព័ត៌មាន អប់រំ ធុរកិច្ចល្អៗ
មិនថាការធ្វើការងារ ឬការរកស៊ីនោះទេការងារទំនាក់ទំនងនិងសហការ គឺជាផ្នែកមិនអាចខ្វះបានព្រោះគ្មានការងារសំខាន់ៗណា ដែលអាចធ្វើតែម្នាក់ឯងបាននោះទេ។ ដើម្បីសម្រេចការងារបានល្អ ចាំបាច់ណាស់ត្រូវតែបង្កើតកិច្ចសហការល្អ ឬធ្វើការងាររួមគ្នាដើម្បីឈានទៅសម្រេចសម្មិទ្ធផលរួម តែការសហការគ្នានេះ ចាំបាច់ត្រូវតែចេះសហការបើមិនដូច្នោះទេ វានឹងធ្វើឱ្យយើងជួបផលលំបាកមកវិញ។
លោកស្រី យូ បូរី អ្នកជំនាញផ្នែកធនធានមនុស្សបានលើកឡើងថា ការសហការគឺជារឿងសំខាន់ខ្លាំងណាស់សម្រាប់ការរកស៊ីឬការធ្វើការងារ តែប្រសិនបើយើងមិនយល់ច្បាស់ពីវិធីក្នុងការសហការ នោះយើងនឹងអាចបង្កើតជាជម្លោះឬជួបបញ្ហាឥតឈប់ឈរ។ លោកស្រីថា ដើម្បីបង្កើតទំនាក់ទំនងបានល្អមនុស្សម្នាក់ៗចាំបាច់ត្រូវយល់ពីប្រភេទ និងចិត្តសាស្រ្តរបស់មនុស្សឱ្យបានច្បាស់លាស់ ដើម្បីដឹងថាតើដៃគូសហការជាមួយយើងនោះជាមនុស្សប្រភេទណាខ្លះ? ហើយគួររៀបចំរបៀបធ្វើការងារបែបណាខ្លះ ដើម្បីអាចធ្វើការងារជាមួយគ្នាដោយរលូន។
លោកស្រី យូ បូរី បាននិយាយថា៖ «មានអ្នកខ្លះចង់រើសដៃគូសហការ ឬដៃគូរកស៊ីប្រភេទដូចគ្នា ដើម្បីងាយស្រួលសហការគ្នា។ការធ្វើបែបនេះមិនប្រាកដថាត្រឹមត្រូវនោះទេ ព្រោះវាអាចមានទាំងគុណសម្បត្តិនិងគុណវិបត្តិ»។
អ្នកជំនាញផ្នែកធនធានមនុស្សខាងលើបានបន្ថែមទៀតថា មនុស្សទាំងអស់ត្រូវបានគេបែងចែកជា៤ទម្រង់សំខាន់ៗដែលមានក្បួនសំខាន់មួយសម្រាប់វាស់វែងគឺ DISC។ ប្រសិនបើដៃគូជាមនុស្សដែលស្ថិតក្នុងប្រភេទ D ដូចគ្នានោះនៅពេលមានជម្លោះឬមានគំនិតផ្ទុយគ្នា ច្បាស់ណាស់គឺពួកគេមានគំនិតដាច់ខាតដូចគ្នា ហេតុនេះមិនអាចរកដំណោះស្រាយបាននោះទេ។
បន្ថែមពីលើនេះ ប្រសិនបើមនុស្សម្នាក់ស្ថិតក្នុងប្រភេទ S ដូចគ្នាហើយធ្វើការងារជាមួយគ្នាពួកគេអាចនឹងជាមនុស្សដែលរារែក វិភាគច្រើន ដូចគ្នា។ ហេតុនេះបើរកស៊ីជាមួយគ្នា ហើយត្រូវការសម្រេចចិត្តច្បាស់ថានឹងមិនចេញជាលទ្ធផលបាននោះទេដោយសារតែពួកគេគិតវែងឆ្ងាយពេករហូតហួសឱកាសទៅបាត់។
ជារួមការសហការគ្នា ត្រូវការមនុស្សប្រភេទផ្សេងៗគ្នា តែត្រូវការយល់វិធីសាស្ត្រក្នុងការប្រាស្រ័យទាក់ទងឱ្យបានល្អទើបអាចធានាថា យើងអាចប្រើប្រាស់សមត្ថភាពនិងសមត្ថភាពរបស់សមាជិកម្នាក់ៗ ដើម្បីបំពេញបន្ថែមឱ្យគ្នាឱ្យកាន់តែរីកចម្រើន៕