មានមតិជាច្រើនលើកឡើងថា អ្នកបាននិទ្ទេសមធ្យមភាគច្រើនមានវាសនាល្អជាងអ្នកដែលទទួលបាននិទ្ទេសខ្ពស់បំផុតស្របពេលដែលមានមតិមួយចំនួនបានលើកឡើងមកវិញថា វាមិនពិតទាំងស្រុងនោះទេ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក គីម ដា​រ៉ា ស្ថាបនិក​គ្រឹះស្ថាន​អប់រំ Start Up Cambodia បានបញ្ជាក់ថាមូលហេតុដែលសិស្សនិទ្ទេស A មួយចំនួនមិនសូវទទួលបានជោគជ័យដោយសារតែអ្នកបាននិទ្ទេស A ភាគច្រើន​គឺ​ខ្លាច​ស្រមោល​ខ្លួនឯង។និទ្ទេស A ឬ និទ្ទេស B ជា​និទ្ទេសខ្ពស់ៗហេតុនេះ​ពួកគាត់​ស្ថិតក្នុង​ការចាប់អារម្មណ៍​របស់​សង្គម។កត្តានេះហើយដែលធ្វើឱ្យគាត់គិតច្រើនលើ​រាល់​សកម្មភាព​របស់គាត់។ ​

គ្រប់ដំណាក់កាលនៃជីវិតទាំងអស់ គឺតែងតែ​មានការ​ប្រុងប្រយ័ត្នខ្ពស់បំផុត រហូត​មានពេលខ្លះ​គាត់​មិន​ហ៊ាន​ធ្វើ​សកម្មភាព ឬ​ចូលរួមសកម្មភាពប្រកួតប្រជែង​នោះទេ។ ពួកគេខ្លាចការតិទៀនរបស់សង្គម និងខ្លាចក្រសែភ្នែកអ្នកដទៃ  ជាពិសេស​គឺខ្លាចបាក់មុខនៅពេលដែលប្រកួតប្រជែងចាញ់អ្នកដែលបាននិទ្ទេស​មិនសូវខ្ពស់។ ភាពភ័យខ្លាចនេះហើយ ដែលធ្វើឱ្យអ្នកនិទ្ទេសខ្ពស់មិនសូវទទួលបាន​លទ្ធផលល្អ។

លោក គីម ដា​រ៉ា បានលើកឡើងផងដែរថា ផ្ទុយមកវិញមូលហេតុដែលធ្វើឱ្យអ្នកទទួលបាននិទ្ទេស C ទទួលបានសម្មិទ្ធិផលច្រើនក្នុងជីវិត ដោយសារតែគាត់មិនសូវខ្លាចការទិតៀន។ គាត់យល់ថា គាត់ស្ថិតក្នុងកម្រិតមធ្យម ហេតុនេះ​ រាល់ការប្រកួតប្រជែងឬរាល់សកម្មភាពនានាគាត់មិនសូវបារម្ភនោះទេ តែអ្វីដែលគាត់ផ្តោតបំផុតគឺការ​ខិតខំប្រឹងប្រែងបន្ថែមឱ្យកាន់តែខ្លាំង។ 

មែនទែនទៅ អ្នក​បាន​និទ្ទេសC មិនមែនជាមនុស្សអន់នោះទេ តែគាត់ជាអ្នកដែលមានមាន​សមត្ថភាព ​មិនចាញ់អ្នកបាននិទ្ទេសA ឬ B ប៉ុន្មាននោះទេ គ្រាន់តែពេលខ្លះគាត់ភ្លាត់ភ្លាំងមួយពេល ទើបធ្វើឱ្យគាត់ត្រូវធ្លាក់ទៅនិទ្ទេសនេះ។ហេតុនេះប្រសិនបើពួកគាត់ពូកែហើយ ប្រឹងប្រែងចាប់យកឱកាសបន្ថែមទៀត គាត់ប្រាកដជាមានអត្រាខ្ពស់ក្នុងការទទួលភាពជោគជ័យ។

លោក គីម ដា​រ៉ា បានបញ្ជាក់ផងដែរថា អ្នក​នៅក្នុង​និទ្ទេស​C ​ភាគច្រើន​គាត់​មិន​ខ្លាច​បរាជ័យ​នោះទេ ព្រោះ​ទោះបីជា​បរាជ័យ​ក៏ដោយ ក៏​គាត់​មិនសូវ​ខ្វល់​ដែរ ព្រោះ​គាត់​មិនមែនជា​ផ្ទាំង​ស៊ី​ប​របស់​សង្គមនោះទេ ដែល​កត្តា​នេះ​ធ្វើឱ្យ​គាត់​ទទួលបាន​លទ្ធផល​ល្អ​ច្រើន។ ទោះជា​យ៉ាងណាក្តីសម្រាប់​អ្នក​ដែល​បាន​និទ្ទេស A ឬ B វិញបើ​គាត់​មិន​ខ្លាច​ការទិតៀន​របស់​ស​ង្គ​ម គាត់​នឹង​ទទួលបាន​ជោគជ័យ ព្រោះ​គាត់​មាន​សមត្ថភាព​ស្រាប់ ហើយ​គាត់​ហ៊ាន​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​ទៀត​គាត់​នឹង​ទទួលបាន​លទ្ធផល​ល្អ៕