រាជធានីភ្នំពេញ៖ ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុ សម្រេចបាន ៩៥ភាគរយ ហើយនឹងត្រូវដាក់ឱ្យប្រើប្រាស់បាននៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ដោយឥតបង់ប្រាក់ក្នុងការធ្វើដំណើររយៈពេលមួយខែដំបូង។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើង នាថ្ងៃទី ១៩ កក្កដា ២០២២នេះថា៖ គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ការសាងសង់ផ្លូវនេះសម្រេចបាន៩៥%ហើយនៅសេសសល់តែការងារមួយចំនួនតូចតែប៉ុណ្ណោះដូចជា៖ ការងារបញ្ចប់សំណង់ និងសម្អាត ការងារដាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំដើមឈើនៅចំណុចខ្លះសងខាងផ្លូវគាំទ្រការងារបរិស្ថាន និងដើមផ្កានៅសួនទ្រូងផ្លូវ និងការងារបំពាក់កាមេរ៉ាសុវត្ថិភាពជាដើម និងបានបញ្ជាក់ថា៖ ផ្លូវនេះគ្រោងនឹងបញ្ចប់ និងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ហើយបងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់ផ្លូវនេះដោយឥតគិតថ្លៃក្នុងរយៈពេលមួយខែ។