ខេត្តកំពង់ចាម៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ឲ្យបើកការដ្ឋានផ្លូវជាតិលេខ ៧១C ដែលមានប្រវែង ១១៤,៦២គីឡូម៉ែត្រ ដែលត្រូវចំណាយទឹកប្រាក់សរុបជាង ១២៩លានដុល្លារ និងប្រើរយៈពេលសាងសង់៤២ខែ នៅព្រឹកថ្ងៃទី ២៣ វិច្ឆិកានេះ ជាមួយគ្នានៃការបើកសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃ ស្ពានភ្ជាប់និស្សិ័យ ឬស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់-ក្រូចឆ្មារ។

គម្រោងសាងសង់ផ្លូវជាតិលេខ៧១C មានប្រវែងសរុប១១៤,៦២គីឡូម៉ែត្រ ចាប់ផ្តើម ពីគីឡូម៉ែត្រលេខ១៥៤+៧០០ផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់ នៅគីឡូម៉ែត្រលេខ៣០+៤០០ផ្លូវជាតិលេខ៧១ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ 

គម្រោងសាងសង់ផ្លូវនេះរួមមាន៖ ផ្លូវមេប្រវែង៩២,៤៤៦ គ.ម ទទឹងផ្លូវ១១ម៉ែត្រ ក្រាលកៅស៊ូបេតុង(AC) កម្រាស់៧សង់ទីម៉ែត្រ មានកន្លែងសម្រាប់បត់ត្រឡប់២កន្លែង(U-Turn) ផ្លូវតភ្ជាប់មានប្រវែង១៥,៨២១ គ.ម ទទឹងផ្លូវ១១ម៉ែត្រ ក្រាលកៅស៊ូបេតុង(AC) កម្រាស់៧សង់ទីម៉ែត្រ ផ្លូវខ្នែងចំនួន៩ខ្សែ ប្រវែង៦,៣៥៣ គ.ម ទទឹងតួផ្លូវ ៩ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ស្តើង(DBST)។

ការសាងសង់ផ្លូវជាតិនេះ មានស្ពានចំនួន១១កន្លែង ប្រវែង៨៧៥មែត្រ និងដាក់លូគ្រប់ប្រភេទចំនួន២០២កន្លែង ដែលនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ សាងសង់ ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ាន អាន គ្រោងចំណាយថវិកាសាងសង់ប្រមាណ១២៩,៩៨លានដុល្លារអាមេរិក៕