រាជធានីភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងត្រៀមលក្ខណៈដាក់ដំណើរការប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យកំពង់ផែអេឡិចត្រូនិក (Port EDI) នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។ 

ក្នុងកិច្ចប្រជុំកាលពីថ្ងៃ ២៤មិថុនា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានវាយតម្លៃខ្ពស់ផងដែរពីភាពជោគជ័យនៃការងារ របស់អគ្គនាយកដ្ឋានជំនាញ ដែលបានខិតខំ ដោយមានការសហការល្អពីនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ។ 

ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា៖ បច្ចុប្បន្នក្រសួងបានផ្តោតជាសំខាន់លើការ អភិវឌ្ឍធនធាននៅខាងក្នុងក្រសួង ជាពិសេសមន្ត្រីរបស់ក្រសួងដែលទទួលបានបណ្ដុះបណ្ដាលកន្លងមក មានបទពិសោធន៍ និងការអនុវត្តល្អ ដែលអាចរក្សាស្ថិរភាព ក៏ដូចជាធ្វើឱ្យប្រសើរឡើងដល់ប្រព័ន្ធបច្ចេកវិទ្យារបស់ក្រសួង ជាមូលដ្ឋានទ្រទ្រង់ការងារផ្តល់សេវារបស់ក្រសួង និងការងាររដ្ឋបាលផ្ទៃក្នុងក្រសួង។

សូមជម្រាបជូនថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងត្រៀមលក្ខណៈផ្នែកបច្ចេកវិទ្យាដើម្បីចាប់ ផ្តើមអនុវត្តការប្រើប្រាស់ប្រព័ន្ធ Port EDI ដែលក្នុងនោះរួមមាន៖ ការទទួលខុសត្រូវលើការធានាដំណើរការប្រព័ន្ធ ការរៀបចំឯកសារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការប្រមូលចំណូលពីការបង់កម្រៃសេវាសាធារណៈ និងការត្រៀមលក្ខណៈផ្នែកបច្ចេកទេសដើម្បីដាក់ ដំណើរប្រព័ន្ធនេះនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ខាងមុខ៕