ភ្នំពេញ៖ ប្រធានសមាគម GRA បានបង្ហើបប្រាប់ថា ទិញដីនៅទីណាក៏ល្អដែរ ប៉ុន្តែបើចង់បានចំណេញច្រើនក្នុងរយៈពេលខ្លីគួរតែទិញនៅតំបន់ជាយក្រុងឬក្រៅក្រុង ដែលបច្ចុប្បន្ននេះមានតម្លៃទាបនៅឡើយ។
ប្រធានសមាគម អចលនទ្រព្យសកល GRA លោក សំ សុខនឿន លើកឡើងថា បច្ចុប្បន្ននេះបើទោះជាកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពដែលប្រឈមទៅនឹងបញ្ហានៃវិបត្តិជំងឺឆ្លងកូវីដពិតមែន ប៉ុន្តែសម្រាប់តម្លៃអចលទ្រព្យទូទៅមិនបានធ្លាក់ចុះនោះទេ ផ្ទុយទៅវិញនៅតំបន់ខ្លះតម្លៃមានការកើនឡើង ជាបន្តបន្ទាប់ ជាពិសេសនៅតាមតំបន់ជាយក្រុងនិងក្រៅក្រុង ប្រមាណ៤០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខណៈដែលតំបន់ទាំងនេះមានគម្រោង អភិវឌ្ឍន៍យ៉ាង ច្រើន។
លោក សំ សុខនឿន បានមានប្រសាសន៍ថា ៖ “ដីនៅតាមបណ្តាខេត្តសក្ដានុពលមួយចំនួន ដូចជាកំពត កែប សៀមរាប ព្រះសីហនុ ជាដើម ភាគច្រើនបានឡើងថ្លៃខ្ពស់រួចទៅហើយ ជាពិសេសដីដែលស្ថិតនៅក្នុង និងក្បែរគម្រោងអភិវឌ្ឍន៍នានា ហើយឱកាសឡើងថ្លៃបន្ថែមនៅតែបន្តមាន ប៉ុន្តែស្ថិតក្នុងកម្រិតតិចតួច។
ដោយឡែកដីដែលមានដង្ហើមខ្លាំងនិងផ្តល់ឱកាសចំណេញច្រើនក្នុងពេលដ៏ខ្លី គឺដីដែលស្ថិតនៅតាមតំបន់ជាយក្រុងឬចេញពីក្រុង ក្នុងរង្វង់ប្រមាណជាង៤០គីឡូម៉ែត្រ ព្រោះថាគម្រោងរដ្ឋាភិបាលនឹងបន្តពង្រីកក្រុងបន្ថែមទៀតនៅពេលខាងមុខនេះហើយអ្វីដែលសំខាន់ គឺគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗក៏ស្ថិតនៅតំបន់ក្រៅក្រុងទាំងអស់ជាក់ស្ដែងដូចជាគម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី គម្រោងផ្លូវក្រវាត់ក្រុងគម្រោងអភិវឌ្ឍន៍បណ្តុំសំណង់បុរី លំនៅដ្ឋានពីសំណាក់អ្នកវិនិយោគនិងអភិវឌ្ឍន៍ក្នុងស្រុក”។
លោកបន្តថា “ទិញដីនៅពេលនេះ អាចមានឱកាសចំណេញបានច្រើនហើយបើទិញប៉ះចំម្ចាស់អចលនវត្ថុត្រូវការលក់បន្ទាន់ ដើម្បីយកលុយបង្វិលគឺជារឿងល្អ ប៉ុន្តែបើនៅរង់ចាំបន្តិចទៀត ឬចាំទិញក្រោយពេលកូវីដត្រូវបានបញ្ចប់នោះតម្លៃអចលនទ្រព្យ ក៏ដូចជាតម្លៃដីធ្លីនឹងឡើងខ្ពស់ជាងពេលបច្ចុប្បន្ន ខណៈដែលគម្រោងអភិវឌ្ឍន៍ថ្មីៗចាប់ផ្តើមបង្ហាញវត្តមាន”។
ជាមួយគ្នានេះប្រធានសមាគមអចលនទ្រព្យសកល លោក សំ សុខនឿន ក៏បានលើកឡើងផងដែរថា ចាប់ពីពេលនេះទៅការអភិវឌ្ឍបុរី ឬបណ្តុំលំនៅដ្ឋាននៅក្នុងក្រុងលែងមានទៀតហើយ លើកលែងតែសំណង់លំនៅដ្ឋានសហកម្មសិទ្ធិ ឬហៅថាខុនដូតែប៉ុណ្ណោះ ព្រោះតម្លៃដីក្នុងក្រុងបានឡើងខ្ពស់ មិនអាចធ្វើការវិនិយោគ និងអភិវឌ្ឍន៍សំណង់លំនៅដ្ឋានផ្ទាល់ដីបានទៀតនោះទេ។ ប៉ុន្តែអ្នកអភិវឌ្ឍន៍នឹងសម្រុកទៅកាន់តំបន់ជាយក្រុង ឬក្រៅក្រុងតែម្ដងដោយសារតែតម្លៃដីនៅទាប ផ្តល់ឱកាសចំណេញច្រើន ដូច្នេះសម្រាប់អ្នកដែលចង់វិនិយោគដីធ្លីដែលមានឱកាសចំណេញច្រើន គួរពិចារណាទៅលើទីតាំងដែលបានបង្ហើបខាងលើនេះ។
លោកបានបន្តថាបច្ចុប្បន្ននេះ តំបន់ដែលកំពុងមានតម្រូវការទីផ្សារអាចស្ថិតនៅក្នុងរង្វង់ប្រមាណ៣០ទៅ៤០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ប៉ុន្តែវានឹងបន្តរីកធំជាងនេះ ឬអាចស្ថិតនៅក្នុងរង្វង់ប្រមាណ៥០គីឡូម៉ែត្រ ពីរាជធានីចាស់ ខណៈពេលដែលរាជរដ្ឋាភិបាលចាប់អនុវត្តតាមផែនការពង្រីកក្រុងឱ្យកាន់តែធំទូលាយដើម្បីតម្រូវទៅតាមកិច្ចការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសំណង់និងកំណើននៃចំនួនប្រជាសាស្ត្រចូលមករស់នៅនិងប្រកបអាជីវកម្មនៅទីក្រុងកាន់តែច្រើនជាងពេលបច្ចុប្បន្ននេះបន្ថែមទៀត៕