ការមកដល់នៃវីរុសកូវីដ ១៩ ​​បានផ្លាស់ប្តូរឥរិយាបថការទិញទំនិញរបស់អតិថិជនគួរឱ្យកត់សម្គាល់ គឹការទិញដូរតាមអនឡាញបានចូលមកជំនួសការចេញទៅទិញនៅខាងក្រៅ។ កត្តាដែលសំខាន់នោះគឺ​ ស្ថានការណ៍រាតត្បាតបែបនេះ រដ្ឋាភិបាលតម្រូវឱ្យប្រជាជនរស់នៅក្នុងផ្ទះ ឱ្យ​បានច្រើន ខណៈពេលដែលហាងលក់ទំនិញជាច្រើនក៏បានដូរយុទ្ធសាស្រ្ដនៃការលក់។ សំណួរគឺថានៅពេលធុរកិច្ចជាច្រើនងាកទៅរកប្រព័ន្ធអ៊ីនធឺណិតបែបនេះ តើត្រូវសម្របខ្លួនបែបណាខ្លះដើម្បីឱ្យមានភាពខុសប្លែកពីគេ និងអាចទាក់ទាញអតិថិជនឱ្យមកទិញទំនិញរបស់ខ្លួន?

យោងតាមវិបសាយ BangkokBankSME ​បានចុះផ្សាយអំពីនិន្នាការការទិញទំនិញអនឡាញដែលនឹងផ្លាស់ប្តូរក្នុងរយៈពេល ៤ឆ្នាំខាងមុខនេះ។ អត្ថបទនេះអាចប្រើជាប្រយោជន៍សម្រាប់ធុរកិច្ចជាច្រើន ក្នុងការទប់ទល់ជាមួយទីផ្សារអនឡាញ ដែលកំពុងមានការប្រកួតប្រជែងយ៉ាងផុសផុល។៖

១. អំឡុងពេលជជែកលេងជាមួយមិត្តភក្តិ សម្លេងអ្នកនឹងក្លាយជាការបញ្ជាទិញ

ប្រព័ន្ធ e-commerce នៅថ្ងៃអនាគតនេះ នឹងចាប់ផ្តើមមានមុខងារសម្លេងពាណិជ្ជកម្មកាន់តែច្រើនឡើងតាមរយៈការប្រើបច្ចេកវិទ្យាVoice AI ក្នុងការចាប់យករលកសម្លេងដែលអ្នកបាននិយាយ។ បន្ទាប់មកវានឹងយកសម្លេងនោះទៅបម្លែងជាព័ត៌មាន ហើយជួយអ្នកក្នុងការជ្រើសរើសបញ្ជីផលិតផល ដែលត្រូវតាមចិត្តអ្នកដោយស្វ័យប្រវត្តិ។ ដូច្នេះអ្នកគ្រាន់តែធ្វើការជ្រើសរើសផលិតផលដែលខ្លួនពេញចិត្តដែលមាននៅក្នុងកន្រ្តកទំនិញជាការស្រេច។

២.ការទូទាត់ទឹកប្រាក់យ៉ាងមានសុវត្ថិភាព ដោយការប្រើរាងកាយមនុស្សជំនួស OTP

នៅពេល ៤ ឆ្នាំខាងមុខ នឹងមិនមានទៀតឡើយការទូទាត់ទឹកប្រាក់ដោយប្រើលេខកូដ OTP (One Time Password) ក្នុងការបញ្ជាក់ម្តងហើយម្តងទៀតទេ។ បច្ចេកវិទ្យា Biometric Authentication ដូចជាមុខងារស្គែនភ្នែកឬការអានសំឡេង នឹងត្រូវបានយកមកអនុវត្តក្នុងការទូរទាត់ទឹកប្រាក់ស្រដៀងគ្នាទៅនឹងការដោះសោរទូរស័ព្ទដៃដែរ។ វិធីនេះមិនត្រឹមតែងាយស្រួល និងឆាប់រហ័សទេថែមទាំងមានសុវត្ថិភាពទៀតផង។

៣. មិនបាច់ចំណាយពេលទៅដល់ហាង គ្រាន់តែយកទូរស័ព្ទមកបញ្ចាំងក៏អាចលសម្លៀកបំពាក់បានភ្លាមៗ

បច្ចេកវិទ្យាទំនើបៗ មិនត្រឹមតែអាចជួយឱ្យយើងបានដើរលេងដោយប្រយោលពីផ្ទះទេ ប៉ុន្តែឧស្សាហកម្មហ្វេស្សិនក៏ខិតខំសម្របខ្លួនតាមដែរ។ ​ដូច្នេះអ្នកមិនចាំបាច់ខ្ជះខ្ជាយពេលវេលាធ្វើដំណើរទៅទិញសម្លៀកបំពាក់ស្បែកជើងដល់ហាងដើម្បីលទៀតទេ។ អ្នកអាចលស្បែកជើងនៅផ្ទះបានដោយបច្ចេកវិទ្យា AR/VR​ តាមរយៈអេក្រង់ទូរស័ព្ទប៉ុណ្ណោះ។​ អ្នកគ្រាន់តែបើកកាមេរ៉ាទូរស័ព្ទរួចដាក់បញ្ចាំងលើខ្លួន នោះនឹងលេចតួសម្លៀកបំពាក់ឬស្បែកជើងចេញមកប្រៀបដូចជាបានពាក់ពិតៗអញ្ចឹង។​

៤. អស់កង្វល់រឿងបាត់អីវ៉ាន់ធ្លាក់ នៅកន្លៀតណាក៏អាចរកឃើញបានដែរ

នៅពេលអនាគត ការតាមដានកញ្ចប់ឥវ៉ាន់នឹងកាន់តែលម្អិតបន្ថែមទៀតដោយប្រព័ន្ធIoT Sensor ដែលត្រូវបានបិទភ្ជាប់ជាមួយនឹងកញ្ចប់ឥវ៉ាន់របស់អ្នកជំនួសឱ្យការប្រើប្រាស់ Tracking Number។ ​ប្រព័ន្ធនេះអាចប្រាប់ពីទីតាំងរបស់ឥវ៉ាន់បានយ៉ាងលម្អិត និងអាចពិនិត្យមើលព័ត៌មានបានក្នុងពេលវេលាជាក់ស្តែង។

៥. អនាគតនៃការដឹកជញ្ជូនឥវ៉ាន់ គឺការរង់ចាំទទួលទំនិញពីលើមេឃ

កាលពីមុនបើកុម្ម៉ង់ឥវ៉ាន់ថ្ងៃនេះតែថ្ងៃស្អែកមកដល់ចាត់ទុកថាលឿនហើយ។ ប៉ុន្តែ​ ៤​ ឆ្នាំខាងមុខអ្នកកុម្ម៉ង់ថ្ងៃនេះអាចនឹងបានថ្ងៃនេះតែម្តងក៏ដោយសារតែការដឹកជញ្ជូនតាមប្រព័ន្ធ Automated Shipping ដូចជា ដ្រូនដឹកជញ្ជូនទំនិញ ឬឡានដឹកជញ្ជូនស្វ័យប្រវត្តិអាចធ្វើការបាន ២៤ ម៉ោង ដោយមិនត្រូវការតៃកុងឡានទៀតឡើយ។

៥ចំណុចខាងលើនេះ គឺជាការផ្លាស់ប្តូរខាងបច្ចេកវិទ្យាក្នុងការលក់ដូរទំនិញតាមអនឡាញ។ ចំណុចខ្លះអានទៅដូចជានៅឆ្ងាយពីខ្លួនយើងណាស់ ប៉ុន្តែដោយសារបច្ចេកវិទ្យាដែលទាន់សម័យ បានធ្វើឱ្យរឿងដែលយើងគិតថាមិនអាចកើតឡើងបានក្លាយជាការពិតច្រើនយ៉ាងរួចមកហើយ។ ដូច្នេះប្រសិនបើធុរកិច្ចរបស់អ្នកអាចសម្របខ្លួនបានមុននឹងមានឱកាសយកឈ្នះគូប្រជែងបានយ៉ាងងាយស្រួល។