រាជធានីភ្នំពេញ៖ ធនបត្រអនុស្សាវរីយ៍ប្រភេទ ១៥០០០រៀល ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជាបោះពុម្ព និងដាក់ឱ្យធ្វើចរាចរដើម្បីអបអរសាទរព្រះរាជពិធីគម្រប់ខួប ១៥ព្រះវស្សា នៃការយាងគ្រងព្រះបរមរាជ្យសម្បត្តិរបស់ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានឈ្នះពានរង្វាន់ជាធនបត្រថ្មីឆ្នើមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០១៩។
ការសម្រេចផ្តល់ពានរង្វាន់ដល់ធនបត្រអនុស្សាវរីយ៍ប្រភេទ ១៥០០០រៀលនេះ ដោយសារបច្ចេកទេសនៃការផលិតធនបត្ររបស់ធនាគារជាតិនៃកម្ពុជា មានលក្ខណៈទំនើប និងប្រកបដោយសុវត្ថិភាពខ្ពស់ក្នុងការការពារការក្លែងបន្លំ។
បន្ទាប់ពីមានការបើកប្រទេសនិងការសម្រួលលក្ខខណ្ឌ ការធ្វើដំណើរមកប្រទេសកម្ពុជា កាលពីថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ លោក Antonio Cesario Riccio អនុប្រធានក្រុមហ៊ុននៃប្រទេសស្វីស បានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា និងបានប្រគល់ពានរង្វាន់ធនបត្រថ្មីឆ្នើម ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ប្រចាំឆ្នាំ២០១៩ មកធនាគារជាតិនៃកម្ពុជា ក្នុងនាមស្ថាប័នអន្តរជាតិ Reconnaissance ផងដែរ។
គួរបញ្ជាក់ថា ស្ថាប័នអន្តរជាតិ Reconnaissance គឺជាស្ថាប័នអន្តរជាតិឈានមុខគេលើពិភពលោកផ្នែកឧស្សាហកម្មធនបត្រ ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។