មនុស្សមួយចំនួនអាចគិតថានៅពេលជោគជ័យ បុគ្គលរូបនោះអាចនឹងមានពេលវេលាទំនេរ និងការកម្សាន្តច្រើន។ ផ្ទុយទៅវិញបុគ្គលដែលកាន់តែជោគជ័យ ពេលវេលារបស់ពួកគេក៏កាន់តែមានតម្លៃ។ រាល់សកម្មភាពនិងកាលវិភាគរបស់ពួកគេក៏កាន់តែចង្អៀតណែន ព្រោះត្រូវគិតគូរពីជំនួញនិងយុទ្ធសាស្ត្រដើម្បីពង្រីកភាពជោគជ័យរបស់ពួកគេបន្ថែមទៀត។ ខាងក្រោមនេះគឺជាទម្លាប់ប្រចាំថ្ងៃរបស់បុគ្គលជោគជ័យល្បីឈ្មោះ៣រូបដែលអ្នកអាចរៀនសូត្រតាមបាន។

មេ Twitter លោក Jack Dorsey

វិធីសាស្ត្រក្នុងការនៅសកម្មនិងផលិតភាពការងារបានល្អរបស់ស្ថាបនិកក្រុមហ៊ុន Twitter និងជាCEO ក្រុមហ៊ុនទូទាត់តាមអេឡិចត្រូនិក Square រូបនេះគឺលោកបែងចែកប្រធានបទសម្រាប់ថ្ងៃនីមួយៗបានយ៉ាងច្បាស់លាស់។

ថ្ងៃចន្ទ៖ ការគ្រប់គ្រងក្រុមហ៊ុន

ថ្ងៃអង្គារ៖ ផលិតភាពរបស់ក្រុមហ៊ុន

ថ្ងៃពុធ៖ ផ្នែកទីផ្សារនិងទំនាក់ទំនង ហើយនិងការរីកលូតលាស់ទៅមុខ

ថ្ងៃព្រហស្បតិ៍៖ ផ្នែកអ្នកអភិវឌ្ឍនិងដៃគូសហការ

ថ្ងៃសុក្រ៖ វប្បធម៌របស់ក្រុមហ៊ុននិងការជ្រើសរើសបុគ្គលិក

ថ្ងៃសៅរ៍៖ សម្រាក ជិះកង់ ឬឡើងភ្នំលំហែខួរក្បាល

ថ្ងៃអាទិត្យ៖ វិភាគឆ្លុះបញ្ចាំងពីការងារ និងត្រៀមយុទ្ធសាស្ត្រសម្រាប់ថ្ងៃថ្មីនៅសប្ដាហ៍ក្រោយ

២. លោក Barack Obama

អតីតប្រធានាធិបតីអាមេរិកទី៤៤រូបនេះតែងប្រើពេលវេលាប្រចាំថ្ងៃរបស់លោកជាមួយគ្រួសារ ដូចជាការញ៉ាំអាហារពេលព្រឹកនៅផ្ទះមុនរៀបចំខ្លួនឱ្យកូនស្រីទៅសាលារៀន។ មុនពេលចេញទៅបំពេញការងារ លោកអូបាម៉ាតែងអានកាសែតនិងធ្វើលំហាត់ប្រាណជារៀងរាល់ព្រឹក ហើយក៏ត្រឡប់មកញ៉ាំបាយល្ងាចជួបជុំគ្រួសារ។ ក្រោយអាហារពេលល្ងាចរួចលោកត្រូវអង្គុយធ្វើការបន្តរហូតដល់ម៉ោង១០យប់ ដើម្បីពិនិត្យការងារនិងត្រៀមខ្លួនសម្រាប់គោលដៅនៅថ្ងៃស្អែក។

៣. លោក Leo Babauta

លោក Leo Babauta ជាម្ចាស់ Blog ដ៏ល្បីឈ្មោះថា Zen Habitsបានចែករំលែកកាលវិភាគប្រចាំថ្ងៃរបស់លោកដោយចំណាយពេលយ៉ាងវែងនៅពេលព្រឹក។ លោកក្រោកពីគេងនៅម៉ោង ៤:៣០ ព្រឹកផឹកទឹកមួយកែវ កំណត់វត្ថុឬរឿងសំខាន់៣យ៉ាងសម្រាប់ថ្ងៃនេះ ត្រៀមអាហារពេលថ្ងៃសម្រាប់កូននិងរូបលោក។ បន្ទាប់មក លោកញ៉ាំអាហារពេលព្រឹក និងអានសៀវភៅ។ រួចក៏ហាត់ប្រាណ និងងូតទឹកហើយក៏ដាស់ប្រពន្ធ និងកូនរបស់លោកនៅម៉ោង ៦:៣០ព្រឹក។ លោកតែងហាត់ប្រាណជាប្រចាំបែបនេះ លើកលែងតែថ្ងៃសុក្រ​ដែលលោកជ្រើសរើសធ្វើសមាធិជំនួសវិញ៕