ភ្នំពេញ៖ បន្ទាប់ពីការដាក់ឲ្យដំណើរការកាលពីខែមិថុនា ឆ្នាំ ២០២១ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានគឺអាចសម្រេចការចុះបញ្ជីបានជាង ៦០០០ករណី ហើយប្រព័ន្ធនេះអាចបន្ថយការចំណាយថវិកាដល់៤០ភាគរយ ធៀបនឹងនីតិនៃការចុះបញ្ជីអាជីវកម្មតាមវិធីចាស់ ។

ប្រព័ន្ធចុះបញ្ជីថ្មីនេះ មានលក្ខណៈពិសេសជាច្រើនយ៉ាង ដូចជា (1)បានកាត់បន្ថយនីតិវិធីតាមរយៈការភ្ជាប់គ្នាជាច្រវ៉ាក់នៃនីតិវិធីផ្សេងគ្នានៃក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ,និងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវិតនិងបង្កើតជាការចុះបញ្ជីជាកញ្ចប់ ក្នុងពេលតែមួយ និងនៅលើថ្នាលតែមួយ, (2) កាត់បន្ថយពេលវេលាមកត្រឹមតែ៨ថ្ងៃនៃថ្ងៃធ្វើការ និង (៣) កាត់បន្ថយការចំណាយថវិកាប្រមាណ ៤០% បើធៀបនឹងនីតិវិធីចាស់។

ក្នុងរយៈពេលមួយឆ្នាំនេះគិតត្រឹម ១៤មិថុនា ប្រព័ន្ធចុះបញ្ជីថ្មី បានទទួលពាក្យស្នើសុំចំនួនសរុប៦៩៧៤សំណើ និងត្រូវបានអនុម័តចំនួន ៦១៦៤សំណើ ក្នុងទុនវិនិយោគសរុប ប្រមាណ២៦៣១លានដុល្លារ ។

វិស័យដែលនាំមុខគេក្នុងការចុះបញ្ជី មាន វិស័យ អហរ័ណនីហរណ ទិញលក់ជួសជុលយានយន្តនិងទោចក្រក្រយានយន្តគ្រប់ប្រភេទ ៣៨,១១%, និងសកម្មភាពអចលនទ្រព្យ១០,២៩%។ ចំពោះទំហំវិនិយោគវិញ គឺការសាងសង់មានដល់ ២៧,២៧%។

លោក Anthony Galliano នាយកប្រតិបត្តិនៃ Cambodia Investment Management Group ធ្លាប់បាននិយាយថា ខ្ញុំពិតចាភ្ញាក់ផ្អើលណាស់ ចំពោះការកែទម្រង់ការចុះបញ្ជីអាជីវកម្មនៅកម្ពុជាដែលឥលូវចំណាយពេលតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះ។

សម្រាប់លោក ឧកញ៉ា លឹម ហេង ក៏ធ្លាប់បានសរសើរពីប្រព័ន្ធនេះថា បានបំបាត់ភាពស្ទាក់ស្ទើររបស់ធុរជនក្នុងការពង្រីកអាជីវកម្មនិងដាក់ទុនវិនិយោគ។  

សូមជម្រាបជូនដែរថា ដើម្បីអាចចុះបញ្ជីអាជីវកម្មបាន ធុរជនត្រូវចូលតាមតំណភ្ជាប់ registrationservices.gov.kh ដោយមានតម្រូវការបង្កើតគណនី Camdigikey។ក្នុងថ្នាលនេះ ធុរជន ក៏អាចបម្រុងទុកនាមករណ៍ និងការចុះបញ្ជីអាជីវកម្មបានផងដែរ។