ភ្នំពេញ៖ សម្រាប់វិថីព្រះសីហនុ ត្រូវបានអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យ ក៏ដូចជាបណ្តាអ្នកវិនិយោគនានាបានចាត់ទុកថា ជាវិថីអាជីវកម្ម​ចម្រុះដ៏​មមា​ញឹក ពោលគឺមិនចាញ់បណ្តាវិថីសំខាន់ៗ និងផ្លូវធំៗប្រចាំនៅរាជធានីភ្នំពេញដទៃទៀតនោះទេ ហើយតម្លៃអចលនវត្ថុដែលស្ថិតនៅស្របនឹងវិថីមួយនេះ​ក៏មាន​កម្រិត​ផងដែរ។

បើតាមការបញ្ជាក់ឲ្យដឹងពីសំណាក់អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា ជាពិសេសនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានលើកឡើងថា សម្រាប់​អចលនវត្ថុ​ដែលស្ថិតនៅស្របតាមបណ្តោយវិថីព្រះសីហនុ គឺមានភាពមមាញឹកសម្រាប់ការប្រកបអាជីវកម្មចម្រុះ ដោយក្នុងនោះមានទាំងអាជីវកម្មខ្នាតមធ្យម និងកម្រិតខ្ពស់ដោយឡែក​ចំពោះ​តម្លៃក៏មានកម្រិតខ្ពស់មិនចាញ់តំបន់ពាណិជ្ជកម្មបឹងកេងកងនោះឡើយ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21Fortuna investment លោក វ៉ា វីរៈ បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា ប្រភេទ​អចលនវត្ថុដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុគឺមានភាពខុសគ្នា ហើយតម្លៃក៏មានកម្រិតខុសគ្នាអាស្រ័យទៅតាមទីតាំង តំបន់ និង​ទំហំ​ផងដែរ។

លោកបានលើកឡើងថា «យើងនិយាយគិតត្រឹមអាងទឹកអូឡាំពិក រហូតមកដល់ចំណុចស្តុបអគារ៤២ជាន់ភាគច្រើនជាប្រភេទផ្ទះល្វែង ដោយទាំងសងខាង​ផ្លូវសុទ្ធតែមានប្រកបអាជីវកម្មចម្រុះជាច្រើន ហើយតម្លៃអចលនវត្ថុគឺមានកម្រិតខ្ពស់ ដែលគិតត្រឹមតែតម្លៃដីមួយម៉ែត្រការ៉េមិនក្រោម ៤,៥០០-៥,០០០ដុល្លារ​នោះ​ឡើយ។ ដោយឡែកចាប់ពីចំណុចស្ដុបអគារ៤២ជាន់រហូតដល់ផ្លូវបំបែកវត្តលង្កា ក៏មានតម្លៃថ្លៃខ្ពស់ហើយនៅទីតាំងខ្លះអាចលោតឡើងខ្ពស់រហូត​ដល់​៦,០០០ដុល្លារ​ក្នុងមួយម៉ែត្រការ៉េក៏មាន ដោយសារតែនៅតំបន់នេះភាគច្រើនត្រូវបានប្រមូលផ្តុំទៅដោយមណ្ឌលពាណិជ្ជកម្មជាតិ-អន្តរជាតិកម្រិតខ្ពស់»។ 

យ៉ាងណាក៏ដោយ នៅក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ ចាប់គិតពីដើមឆ្នាំ២០២០រហូតមកតម្លៃអចលនវត្ថុនៅតាមបណ្តោយវិថីមួយនេះហាក់មិន​មាន​អត្រាឡើងថ្លៃនោះទេ ដោយសារតែតម្រូវការប្រើប្រាស់ពិតប្រាកដមានការធ្លាក់ចុះបន្តិចក្រោមឥទ្ធិពលនៃវិបត្តិជំងឺកូវីដ-១៩ ដែលកំពុងយាយីដល់ពេលពេល​បច្ចុប្បន្ន៕