សម្ព័ន្ធនៃប្រទេស OPEC + បានប្រកាសកាត់បន្ថយផលិតកម្មប្រេងចំនួន 2 លានបារ៉ែលក្នុងមួយថ្ងៃ កាលពីថ្ងៃពុធ ក្នុងកិច្ចប្រជុំនៃប្រទេសផលិតប្រេងចំនួន 24 នៃអង្គការ OPEC+ រួមទាំងប្រទេសរុស្ស៊ី។ ដែលការសម្រេចចិត្តនេះ ជាបរិមាណដែលអាចជំរុញឱ្យតម្លៃប្រេង និងឧស្ម័ន ឡើងថ្លៃជាថ្មី បន្ទាប់ពីមានការធ្លាក់ចុះប៉ុន្មានខែចុងក្រោយនេះ មកនៅក្នុងរង្វង់៩០ដុល្លារក្នុងមួយបារ៉ែល។ 

ការផ្លាស់ប្តូរនេះ ក៏អាចធ្វើឱ្យតំបន់ដូចជាអឺរ៉ុប ស្ថិតក្នុងស្ថានភាពកាន់តែលំបាក ខណៈលុយអឺរ៉ូក៏កំពុងធ្លាក់ថ្លៃ រដូវរងារក៏ជិតចូលមកដល់ ជាមួយនឹងគោលនយោបាយបរិស្ថានរបស់អឺរ៉ុប តើអាចនឹងត្រូវងាកមកខួងប្រេងវិញដែរឬទេ?

OPEC+ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2016 រួមមានស្ថាប័នចំនួន 13 នៃសមាជិកប្រទេសនាំចេញប្រេង និង 11 ផ្សេងទៀតដែលមិនមែនជាសមាជិក OPEC ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ OPEC+ បានបង្ហាញពីភាពត្រឹមត្រូវនៃការសម្រេចចិត្តដោយលើកថាមាន "ភាពមិនច្បាស់លាស់ដែលនៅជុំវិញទស្សនវិស័យសេដ្ឋកិច្ច និងទីផ្សារប្រេងពិភពលោក"។

ប្រាកដណាស់ភាពមិនច្បាស់លាស់គឺថា តើ​តម្លៃ​ប្រេង នឹងមានការកើនឡើងប៉ុន្មាន នៅពេលដែលការកាត់បន្ថយផលិតកម្ម ២លានបារ៉ែលក្នុងមួយថ្ងៃ  ខណៈដែលពិភពលោកប្រើប្រាស់ប្រេងរហូតដល់ 100 លានបារ៉ែលក្នុងមួយថ្ងៃ ។ តែភ្លាមៗបន្ទាប់ពីការសម្រេចចិត្តដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី បានធ្វើឱ្យតម្លៃប្រេងឆៅ Brent កើនឡើង 2% នៅ $93.80 ដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីថ្ងៃទី 15 ខែកញ្ញា។

តាមទិន្នន័យប្រហែល 180 លានបារ៉ែល ត្រូវបានបញ្ចេញនៅទូទាំងពិភពលោកចាប់តាំងពីខែមីនា ហើយ 75% នៃចំនួននោះ (ប្រហែល 134 លានបារ៉ែល) បានមកពីទុនបម្រុងប្រេងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក។ ដែលនេះ ត្រូវបាន OPEC+ យល់ថា ជាពេលដែលត្រូវរក្សាតុល្យភាពនៃការផ្គត់ផ្គង់និងតម្រូវការនៅក្នុងទីផ្សារ។

OPEC+ និងប្រទេសរុស្សី

ការ​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​យ៉ាងច្រើននេះ ​ក៏​អាច​ជួយ​រុស្ស៊ី​ដែល​ជា​សហប្រធាន​នៃ​អង្គការ OPEC+ ផង​ដែរ ដោយសេដ្ឋកិច្ចរបស់រុស្សី មួយផ្នែកត្រូវផ្អែក​លើ​ប្រាក់​ចំណូល​ពីវិស័យថាមពល ។ ដោយសារការដាក់ទណ្ឌកម្ម និងអសមត្ថភាពក្នុងការអភិវឌ្ឍការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រេងថ្មី នាំឲ្យប្រទេសរុស្សីនឹងមិនអាចផលិតប្រេងបានតាមកូតាកំណត់។

អ្នកវិភាគនៅធនាគារ Commerzbank បាននិយាយថា ការកាត់បន្ថយផលិតកម្មអាចផ្តល់អត្ថប្រយោជន៍ដល់រុស្ស៊ីដោយបង្កើតតម្លៃខ្ពស់មុនការហាមឃាត់របស់សហភាពអឺរ៉ុបលើការនាំចូលប្រេងពីរុស្ស៊ីភាគច្រើន ដែលជាទណ្ឌកម្មលើការឈ្លានពានអ៊ុយក្រែនដែលចូលជាធរមាននៅចុងឆ្នាំនេះ។ នេះបើយោងតាម​ PBS។

OPEC+ និងសហរដ្ឋអាមេរិក

ការផ្លាស់ប្តូរនេះអាចត្រូវបានគេមើលឃើញថា ជាការមិនទុកមុខដល់ប្រធានាធិបតី ចូ បៃឌិន ដែលបានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងរដូវក្តៅ ដើម្បីអំពាវនាវឱ្យមានការកើនឡើងផលិតកម្ម។

ការកាត់បន្ថយការផ្គត់ផ្គង់ប្រេង ក៏នឹងធ្វើឱ្យភាពតានតឹងកាន់តែខ្លាំងឡើងរវាងអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិកផងដែរ ដែលលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន ជាថ្មី ដែលកំពុងព្យាយាមរក្សាតម្លៃឲ្យនៅនឹង មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ សេតវិមានបានហៅការសម្រេចចិត្តនេះថា "មានចក្ខុវិស័យខ្លី" ហើយអាមេរិកនឹង បញ្ចេញប្រេង 10 លានបារ៉ែលផ្សេងទៀតពីស្តុកប្រេងយុទ្ធសាស្ត្រទៅកាន់ទីផ្សារនៅខែក្រោយ។

អ្នកសង្កេតការណ៍និយាយថា សញ្ញាមួយដែលត្រូវផ្តោតការយកចិត្តទុកដាក់ជាថ្មីលើសម្ព័ន្ធភាព OPEC+ គឺថា នេះគឺជាការប្រជុំផ្ទាល់លើកដំបូងចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩។

ប្រេងឡើងថ្លៃ និងលុយដុល្លារឡើងថ្លៃ

កត្តាសំខាន់មួយដែលជាការថ្លឹងថ្លែងលើតម្លៃប្រេង គឺការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងប្រទេសដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុប និងការយឺតយ៉ាវដោយសារតែវិធានការដ៏តឹងរ៉ឹងនៃ COVID-19 ក្នុងប្រទេសចិន។

តម្លៃប្រេងខ្ពស់ និងប្រាក់ដុល្លារអាមេរិកឡើងថ្លៃ អាចជាស្ថានភាពដ៏លំបាកមួយ ខណៈដែលប្រទេសភាគច្រើនទិញប្រេងដោយប្រើប្រាក់ដុល្លារ។ ការផ្លាស់ប្តូរនេះអាចបង្កើនអតិផរណា និងតម្លៃនៃការរស់នៅកាន់តែខ្ពស់។

អតិផរណាខ្ពស់ កំពុងកាត់បន្ថយអំណាចទិញរបស់អតិថិជន ខណៈដែលធនាគារកណ្តាលកំពុងដំឡើងអត្រាការប្រាក់ដើម្បីបន្ថយកំដៅនេះ ហើយវាជាជំហានមួយ ដែលអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចនៅពេលខាងមុខ។