សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ភ្នំពេញ ៖ បើទោះជាបច្ចុប្បន្ននេះ ភាពពុះកញ្ជ្រោលនៃការរកស៊ីក្នុងវិស័យអចលនទ្រព្យនៅតែមានសកម្មភាពយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់មនុស្សមួយចំនួននៅតែមានភាពស្រពិចស្រពិលទៅលើឱកាស និងភាពជឿជាក់ដែលទទួលបានចំណេញ ឬបង្កើនទំហំសាច់ប្រាក់រវាងការយកលុយទៅដាក់នៅធនាគារយកការប្រាក់ប្រចាំឆ្នាំ និងការយកលុយទៅទិញអចលនទ្រព្យលក់បន្តយកចំណេញ មួយណាច្រើនជាង។  

លោក ខន គង្គារ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិប្រចាំនៅកម្ពុជា ERA បានលើកឡើងថា ការសម្រេចចិត្តបណ្តាក់ទុនវិនិយោគ នៅក្នុងវិស័យអចលនទ្រព្យជារឿងត្រឹមត្រូវ ហើយមិនថាពេលនេះ ឬបន្តទៅថ្ងៃអនាគតនោះទេ វិស័យមួយនេះគឺនៅតែមានប្រជាប្រិយភាព និងនៅតែមានឱកាសទទួលចំណេញ។ 

លោកបន្តថា “បើគេប្រៀបធៀបការវិនិយោគ ដោយការយកលុយទៅទិញខុនដូទុកវិនិយោគ និងការយកលុយទៅដាក់នៅធនាគារដើម្បីទទួលបានចំណូល ខ្ញុំអាចបញ្ជាក់ថា ការវិនិយោគជាមួយខុនដូមានផលល្អជាង"

លោក គង្គា បានបន្តថា ចំណូលដែលអាចទទួលបាន ពីការដាក់លុយនៅធនាគារគឺបានមកតាមរយៈអត្រាការប្រាក់ ដែលជាទូទៅអាចស្ថិតក្នុងរង្វង់៣,៥ភាគរយក្នុងមួយឆ្នាំ ដែលចំណូលនេះ នៅមិនទាន់បានគិតបញ្ចូលពីកាតព្វកិច្ច បង់ពន្ធជូនរដ្ឋនៅឡើយនោះទេ។ ដោយឡែកសម្រាប់ការយកលុយទៅទិញខុនដូ គឺអាចទទួលបានផលចំណេញច្រើនជាងនេះ និងទៅតាមអាយុកាលនៃការអភិវឌ្ឍន៍ ដោយរាប់ចាប់គិតពីពេលគម្រោង ផ្តើមបុកគ្រឹះរហូតដល់ពេលគម្រោងបញ្ចប់ការសាងសង់ និងដាក់បញ្ចូលទៅក្នុងទីផ្សារ។

លោកបញ្ជាក់បន្ថែមថា សម្រាប់ការទិញគម្រោងខុនដូទុកលក់បន្តយកចំណេញ ក៏ជាជម្រើសល្អផងដែរ ដែលជាទូទៅគម្រោងខុនដូ ដែលដាក់លក់នៅលើទីផ្សារនៅពេលមិនទាន់បុកគ្រឹះ និងក្រោយពេលបុកគ្រឹះសាងសង់ គឺមានតម្លៃខុសគ្នាចាប់ពី១០ភាគរយឡើងទៅ ហើយនៅពេលរូបរាងនៃគម្រោងទាំងមូល ត្រូវបានបង្ហាញឡើង តម្លៃក៏បន្តកើនឡើងដូចគ្នា ប៉ុន្តែអ្នកវិនិយោគត្រូវប្រាកដថា ការទិញគម្រោងខុនដូដែលអាចទទួលបានចំណេញខ្ពស់គ្មានហានិភ័យកើតឡើង ក៏អាស្រ័យទៅតាមគម្រោង។ 

ប៉ុន្តែមុនពេលទិញ គម្បីមានការសិក្សាឱ្យបានច្បាស់ពីប្រវត្តិនៃម្ចាស់អភិវឌ្ឍន៍គម្រោង សក្ដានុពលតំបន់ ជាពិសេសភាពជឿជាក់ទៅលើក្រុមហ៊ុនដែលជាភ្នាក់ងារលក់ ត្រូវតែប្រាកដថា ជាក្រុមហ៊ុនស្របច្បាប់ មានជំនាញច្បាស់លាស់៕