ភ្នំពេញ៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបង្ហាញពីគម្រោងក្នុងការបង្កើតទីក្រុងរណបថ្មីមួយនៅក្នុងខេត្តដើម្បីទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិចូលមកបណ្តាកទុនវិនិយោគនៅក្នុងខេត្តកាន់តែច្រើន ។

លោក  ថឹង បូរឹន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានប្រាប់ឱ្យដឹងថា ក្នុងគម្រោងបង្កើតឱ្យមានទីក្រុងរណបនេះ គឺដើម្បីផ្តល់ឱកាសការងារជូនពលរដ្ឋនៅក្នុងខេត្ត ដើម្បីកាត់បន្ថយការធ្វើនេសាទខុសច្បាប់។

លោកថ្លែងថា តាមប្រសាសន៍របស់ ឯកឧត្តមអភិបាលខេត្ត គឺនឹងមានសាងសង់ទីក្រុងរណបថ្មីមួយ ឱ្យស័ក្ដិសមជាខេត្តទេសចរណ៍ធម្មជាតិ ដែលស្របទៅនឹងរាជរដ្ឋាភិបាលដាក់ចេញទិសដៅថា ខេត្តកែបទៅថ្ងៃក្រោយទៅជាខេត្តទេសចរណ៍ធម្មជាតប្រណិតកម្រិតខ្ពស់ ។

លោកន្តថា បច្ចុប្បន្ននេះ អភិបាលខេត្ត បាននឹងកំពុងខិតខំប្រែងប្រែងអភិវឌ្ឍន៍ហេដ្ឋរចនសម្ព័ន្ធនានានៅក្នុងខេត្តឱ្យកាន់តែមានភាពល្អប្រសើរ ដើម្បីទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ ។

លោកបន្ថែមថា ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តក៏បានប្រាប់ដល់ម្ចាស់ដីឱ្យមកសាងសង់ផ្ទះសំណាក់សណ្ឋាគារ   រមណីយដ្ឋាន និងខុនដូរ ដើម្បីផ្តល់ឱកាសការងារជូនពលរដ្ឋនៅក្នុងខេត្ត ហើយពេលនេះ ពួកគាត់នឹងឈប់នេសាទខុសច្បាប់ ហើយមកធ្វើការនៅកន្លែងទាំងនេះ ។

រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍កបានរៀបផែនការមេ ដើម្បីប្រែក្លាយខេត្តនេះជា“តំបន់វិស្សមកាលកម្រិតខ្ពស់”មួយនៅកម្ពុជា តាមរយៈការមិនឲ្យ មានរោងចក្រ សហគ្រាស និងកាស៊ីណូ ដើម្បីប្រែក្លាយខេត្តដែលមានតែស្រុកមួយ និងក្រុងចំនួន១នេះជាតំបន់ទេសចរណ៍ដ៏ពិសិដ្ឋ។

អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានជំរុញនិងលើកទឹកចិត្តដល់អាជីវករ វិនិយោគិនលើវិស័យទេសចរណ៍ សណ្ឋាគារ ដើម្បីចូលរួមអភិវឌ្ឍន៍ខេត្តកែបកាន់តែរីកចម្រើនបន្ថែមទៀត ខណៈខេត្តជាប់មាត់សមុទ្រមួយនេះ បាននឹងកំពុងមានភាពទាក់ទាញលើវិស័យទេសចរណ៍។

លោកបានបន្តថា ដោយមានការអញ្ជើញចូលរួមពីសំណាក់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់អ្នកវិនិយោគិន រួមជាមួយនូវភ្ញៀវជាតិ-អន្តរជាតិជាច្រើនរូប។ ក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិអោយមកសម្រាកកំសាន្តនៅខេត្តកែបទីក្រុងទេសចរណ៍កាន់តែច្រើនថែមទៀត។

ខេត្តកែបមានសក្តានុពលសំខាន់ៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ទាំងធនធានធម្មជាតិលើគោក ធានធានធម្មជាតិក្នុងសមុទ្រ ឩទ្យាជាតិកែប កោះ ឆ្នេរសមុទ្រស្អាតៗជាច្រើនកន្លែង ។

ថ្នាក់ដឹកនាំខេត្តកែប បានកំណត់ចក្ខុវិស័យរួចហើយថា ខេត្តកែប ជាតំបន់ទេសចរណ៍ សម្រាកលម្អែកំសាន្តប្រណិតកម្រិតខ្ពស់ បរិស្ថានល្អ កំណើនភ្ញៀវទេសចរជាតិ អន្តរជាតិ និងមកស្នាក់នៅរយៈពេលយូរ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈល្អ ប្រជាពលរដ្ឋគោរពច្បាប់ សុខុមាលភាព សមភាពយេនឌ័រ សីលធម៌រស់នៅថៃ្លថ្នូរ វប្បធម៌រុងរឿង ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ 

ជាមួយគ្នានេះខេត្តកែប ក៏កំពុងរៀបចំឆ្នេរថ្មីៗ ដើម្បីបំរើដល់ការកំសាន្តរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ៕