ភ្នំពេញ ៖ ការបង្កើតក្រុមហ៊ុនមួយ វាមិនមែនជារឿងដែលលំបាកពេកនោះទេ ប៉ុន្តែការគ្រប់គ្រងបុគ្គលិកប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបន្តដំណើរការរបស់ក្រុមហ៊ុនឱ្យមានភាពរីកចម្រើននោះ ទើបជារឿងដែលលំបាក ដែលត្រូវតែមានយុទ្ធសាស្ត្រក្នុងការអនុវត្ត។ 

ការអនុវត្តជាច្រើនដែលត្រូវធ្វើប្រសិនបើអ្នកជាម្ចាស់ទុន និងរឹតតែជាប្រធានទីផ្សារនៃការលក់ ដែលតម្រូវឱ្យមានការស្គាល់នូវសមាសភាពបុគ្គលិកគ្រប់គ្រង និងដឹកនាំក្រុមហ៊ុនឱ្យមានភាពរីកចម្រើន។ គ្រប់អ្នកដឹកនាំ និងអ្នកគ្រប់គ្រងទាំងអស់គឺសុទ្ធតែមានយុទ្ធសាស្ត្រផ្សេងៗពីគ្នា ប៉ុន្តែសម្រាប់រូបលោកផ្ទាល់គឺបានអនុវត្តនូវយុទ្ធសាស្ត្រចំនួន៤ចំណុចនេះ។ 

១. ទុកបុគ្គលិកដូចជាបងប្អូនបង្កើត ៖ ធម្មតាបុគ្គលិកដែលចូលមកបម្រើការងារនៅក្នុងក្រុមហ៊ុនដែលជ្រកនៅក្រោមដំបូលតែមួយវាប្រៀបបានទៅនឹងក្រុមគ្រួសារយ៉ាងដូច្នោះ ដូច្នេះការយោគយល់ ការផ្តល់ក្ដីអាណិតស្រឡាញ់ក្នុងនាមជាសមាជិកគ្រួសារចាំបាច់ត្រូវតែផ្តល់ដល់ពួកគេស្មើៗគ្នា។ នៅពេលមានបញ្ហាណាមួយកើតឡើង ត្រូវតែការជជែកវែកញ៉ែកពីហេតុបង្ក រួមជាមួយនឹងការស្វែងរកដំណោះស្រាយ ជាជាងការស្ដីបន្ទោសទាំងកម្រោល និងគ្មានហេតុផលនោះទេ។ 

២. ភាពស្មោះត្រង់ និងផ្តល់ទំនុកចិត្ត និងក្ដីសង្ឃឹមដល់បុគ្គលិក ៖ លើសពីការចាត់ទុកជាសមាជិកនៅក្នុងក្រុមគ្រួសារតែមួយ ក្នុងនាមជាអ្នកគ្រប់គ្រង និងដឹកនាំ ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ ភាពស្មោះត្រង់ និងផ្តល់ទំនុកចិត្តខ្ពស់ ជាពិសេសផ្តល់នូវក្ដីសង្ឃឹមដល់បុគ្គលិកក្រោយឱវាទ។ នៅពេលបុគ្គលិកបំពេញការងារបានលទ្ធផលល្អប្រសើរគឺប្រាប់ថាល្អ ប្រសិនបើការងារជួបបញ្ហា ឬជួបភាពបរាជ័យគឺប្រាប់ថាបរាជ័យនៅចំពោះបុគ្គលិកដើម្បីកែប្រែកំហុស ដែលវាជាវិធីល្អមួយក្នុងការកែតម្រូវបុគ្គលិកឱ្យកាន់តែមានប្រសិទ្ធភាពការងារ ល្អជាងការគាំទុកក្នុងចិត្ត ដែលប្រៀបបានទៅនឹងការជម្រុញឱ្យធ្លាក់ជ្រោះជ្រៅយ៉ាងដូច្នោះដែរ។ 

៣. បរិយាកាសការងារគឺយកលទ្ធផលជាធំ ៖ ក្រុមហ៊ុន ឬកន្លែងធ្វើការ មិនមែនជាកន្លែងហាត់រៀនច្បាប់ទាហាននោះទេ។ មានន័យថា បរិយាកាសនៃកន្លែងបំពេញការងារក៏ត្រូវតែមានភាពរីករាយស្រស់ស្រាយ ដើម្បីជម្រុញអារម្មណ៍ និងស្មារតីរបស់បុគ្គលិកឱ្យចេះស្រឡាញ់ការងារ ខិតខំបំពេញភារកិច្ចជាប់ជាប្រចាំ។ លទ្ធផលការងារជាធំ ដូច្នេះសំពាធស្មារតី និងអារម្មណ៍ទៅលើច្បាប់ទម្លាប់ហាក់ត្រូវបានកាត់បន្ថយខ្លះ។ ប៉ុន្តែមិនមែនមានន័យថា មានភាពធូរលុងរហូតបាត់បង់វិន័យនៅក្នុងក្នុងក្រុមហ៊ុននោះទេ។ 

៤. ការផ្តល់រង្វាន់ និងការដាក់ពិន័យ ៖ នេះជាចំណុចរួមមួយដែលស្ទើរតែគ្រប់បុគ្គលិកទាំងអស់ត្រូវការ។ នៅពេលបំពេញការងារបានល្អ ទទួលបានលទ្ធផលប្រសើរគួរតែមានការលើកទឹកចិត្តតាមរយៈការផ្តល់ជារង្វាន់ ជាប្រាក់ឧបត្ថម្ភបន្ថែមទៅលើមុខងារដែលជាការជម្រុញទឹកចិត្តបុគ្គលិកឱ្យកាន់តែបង្កើនភាពខិតខំរបស់ខ្លួន។ ប៉ុន្តែនៅពេលដែលបុគ្គលិកបង្កជាបញ្ហាដែលលើសពីការគិត ចាំបាច់ត្រូវតែមានការពិន័យ ឬបង្គាប់ឱ្យមានការកែតម្រូវទៅលើការអនុវត្តរបស់បុគ្គលិកដែលអនុវត្តខុសគោលការណ៍ក្រុមហ៊ុន ដើម្បីជាការព្រមាន និងបង្ហាញទៅដល់បុគ្គលិកដទៃទៀតដែរ៕