រាជធានីភ្នំពេញ៖ សរុបតែក្នុងខែមេសា គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន ៧ ដែលមានទុនសរុបចំនួនជាង ២៦លានដុល្លារ និងបង្កើតការងារជាង ៥០០០កន្លែង។

ក្រុមហ៊ុនទាំងនោះ មានឈ្មោះដូចខាងក្រោម៖

១- MCBAG CO., LTD : គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ A-17 ផ្លូវជាតិលេខ៤ ភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគចំនួន ៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨១៨កន្លែង។

២- CAMBODIAN QI MING XING JIA JU YONG PIN CO., LTD: គម្រោងបង្កើតរោងចក្រផលិតស្បែកជើង កាបូប និងខ្សែក្រវាត់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៩,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២២កន្លែង។

៣- VANZEL PRINTING & PACKAGING (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ និងបោះពុម្ព ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣០០កន្លែង។

៤- WINDMILL-FY (CAMBODIA) GARMENTS CO., LTD : គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគចំនួន ២,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៤៨កន្លែង។

៥-SPARKBAGS (CAMBODIA) CO., LTD : គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧១៨កន្លែង។

៦- ក្រុមហ៊ុន FU TAI HAN ENTERPRISE CO., LTD. គម្រោងបង្កើតរោងចក្រផលិតឆ័ត្រ អាវភ្លៀង និងថង់យួរ របស់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៧ ភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០១៨កន្លែង។

៧- ក្រុមហ៊ុន WAN DA WEI YE INTERNATIONAL CO., LTD គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ លើគម្រោងបង្កើតរោងចក្រដំឡើងទោចក្រយាន ទោចក្រយានអគ្គិសនី (កង់អាគុយ) និងគ្រឿងបង្គុំគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ១,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥០កន្លែង៕