រាជធានីភ្នំពេញ៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (Royal Group) បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយ eCloudvalley ដែលជាដៃគូប្រឹក្សាដ៏គួរឱ្យទុកចិត្តរបស់ក្រុមហ៊ុន Amazon Web Services (AWS) ដើម្បីផ្ដល់សេវា និងពង្រីកជំនាញសេវាកម្មក្លោដ (cloud) ក្នុងប្រទេសកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនរ៉ូយាល់គ្រុប បានមានប្រសាសន៍ថា៖ «នេះគឺជាព្រឹត្តិការដ៏សំខាន់មួយទៀតសម្រាប់ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងវិស័យ ICT នៅកម្ពុជា។ ការចាប់ដៃគូជាមួយ eCloudvalley ដែលជាដៃគូប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកដំបូងរបស់ក្រុមហ៊ុន Amazon Web Services និងការនាំយកជំនាញនេះមកបណ្តុះបណ្តាលធនធានមនុស្សនៅព្រះរាជាណាចក្រកម្ពុជា សបញ្ជាក់ឱ្យឃើញពីបេសកម្មរបស់ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប យើងខ្ញុំដែលជួយពន្លឿនវឌ្ឍនភាពឌីជីថលអោយកាន់ឆាប់រហ័សនៅកម្ពុជា និងបង្ហាញពិភពលោកថា កម្ពុជាក៏មានធនធាន និងឧបករណ៍ឌីជីថល ដែលអាចដាក់កម្ពុជាចូលទៅក្នុងផែនទីឌីជីថល ស្របទៅតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា»។

ភាពជាដៃគូនេះ ត្រូវបានរំពឹងថានឹងជំរុញការវិវត្តន៍នៃផ្នែកឌីជីថល អោយកាន់តែជឿនលឿនជាងមុនសម្រាប់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់ជូនអ្នកប្រឹក្សាក្នុងស្រុកដែលមានជំនាញលំដាប់អន្តរជាតិ សម្រាប់ផ្តល់សេវាកម្មប្រឹក្សាយោបល់និងដំណោះស្រាយពាក់ព័ន្ធនឹង cloud បានភ្លាមៗ ទៅតាមចំនួន និងតម្រូវការជាក់ស្ដែងជូនអ្នកប្រើប្រាស់ ក៏ដូចជាសាជីវកម្ម និងក្រុមហ៊ុនដែលផ្ដល់សេវា បច្ចេកវិទ្យាព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICT)នៅកម្ពុជា៕