ប្រទេសថៃ៖ ក្រុមហ៊ុនរថយន្តអគ្គិសនីខ្នាតធំរបស់ប្រទេសចិនម៉ាក BYD គ្រោងនឹងបើករោងចក្រផលិតរថយន្តដឹកអ្នកដំណើរក្នុងប្រទេសថៃ ដែលនេះជាការបើកវិនិយោគដំបូងគេនៅក្រៅប្រទេសចិន។
ក្រុមហ៊ុន BYD បានចុះហត្ថលេខាលើកិច្ចសន្យាកាលពីថ្ងៃព្រហស្បតិ៍ដើម្បីទិញដី និងសាងសង់រោងចក្រសម្រាប់ផលិតរថយន្តដឹកអ្នកដំណើរដើរដោយថាមពលថ្ម នៅក្នុងឧទ្យានឧស្សាហកម្មនៅរ៉ាក់យ៉ងប្រទេសថៃ ដែលគ្រប់គ្រងដោយក្រុមហ៊ុនយក្សក្នុងស្រុករបស់ប្រទេសថៃឈ្មោះថា WHA Group នេះបើយោងតាមការចេញផ្សាយព័ត៌មាន។ក្រុមហ៊ុនទាំងនោះមិនបានបង្ហាញពីចំនួនវិនិយោគទេ តែការវិនិយោគទិញដីនេះ គឺមានទំហំ 96 ហិកតា។
ក្រុមហ៊ុន BYD បាននិយាយថា ខ្លួនបានប្រកាសកាលពីដើមខែសីហា ពីការចូលទីផ្សាររថយន្តដឹកអ្នកដំណើររបស់ប្រទេសថៃជាផ្លូវការ។ រោងចក្រថ្មីនេះ គ្រោងនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ 2024 ដោយបង្កើតរថយន្តសម្រាប់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅកាន់ប្រទេសមួយចំនួនដូចជានៅអាស៊ីអាគ្នេយ៍ជាដើម ហើយក៏គ្រោងនាំចេញទៅកាន់អឺរ៉ុបផងដែរ។
ក្រុមហ៊ុនទាំងពីរបាននិយាយថា នៅពេលដែលរោងចក្របើក ក្រុមហ៊ុននេះ មានសមត្ថភាពផលិតឡានជាប្រចាំឆ្នាំនឹងមានប្រហែល 150,000 គ្រឿង។ ក្រុមហ៊ុន WHA បានកត់សម្គាល់ថានៅឆ្នាំ 2030 រថយន្តអគ្គិសនីត្រូវបានគេរំពឹងថានឹងមាន 30% នៃផលិតកម្មរថយន្តសរុបរបស់ប្រទេសថៃ ឬ 700,000 រថយន្តបែបនេះក្នុងមួយឆ្នាំ៕