ខេត្តព្រះវិហារ៖ ពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្មតាមកិច្ចសន្យា ស្ដីពីការផលិត និងផ្គត់ផ្គង់ស្រូវ ដំឡូងមីសរីរាង្គរវាង ២១សហគមន៍កសិកម្ម ក្នុងខេត្តព្រះវិហារ នឹងក្រុមហ៊ុនអេមរុរ៉ាយស៍កម្ពុជា និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) ដែលជាក្រុមហ៊ុននាំចេញ ស្ថិតក្នុងចំណោមក្រុមហ៊ុនក្រុមនាំចេញអង្ករ និងដំឡូងមីឈានមុខគេ នៅក្នុងប្រទេសកម្ពុជា បានធ្វើឡើងកាលពីថ្ងៃទី៣១ ខែសីហាឆ្នាំ២០២២ កន្លងទៅ ។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានលើកឡើងថា ពិធីចុះហត្ថលេខានាពេលនេះគឺបានបង្ហាញពីការធានាទីផ្សារស្រូវ និងដំឡូងមីសរីរាង្គរបស់កសិករ ក្នុងខេត្តព្រះវិហារដែលកំពុងផលិត ក្នុងឆ្នាំ២០២២ ហើយក៏ជាវេទិកា សម្រាប់ការចែករំលែកបទពិសោធន៍ ស្តីពីការអនុវត្តផលិតកម្មស្រូវ និងដំឡូងមីសរីរាង្គតាមកិច្ចសន្យា ហើយជាការផ្ដល់ឱកាសដល់ អ្នកចូលរួមទាំងអស់បានជួបមុខគ្នាក្នុងការបង្កើតទំនាក់ទំនង និងការចងបណ្ដាញរវាងអ្នកផលិត និងអ្នកទិញ(នាំចេញ) ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ។

លោកក៏បានសំណូមពរដល់ក្រុមហ៊ុនអេមរុរ៉ាយកម្ពុជានិងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា ក៏ដូចជាអ្នកពាក់ព័ន្ធនិងអង្គការដៃគូនានា បន្តនៅប្រពៃណី និងការជំរុញការទិញស្រូវអង្ករក៏ដូចជាដំណាំកសិកម្មផ្សេងៗទៀតក្នុងខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជន ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

យោងតាមផែនការក្នុងឆ្នាំ២០២២ នេះ កិច្ចសន្យាផលិតកម្មកសិកម្មលើកសិផលសរីរាង្គសរុប ៧៤,០៩១ តោន ក្នុងនោះមានស្រូវសរីរាង្គ ១៨,៥៦១ តោន ដំឡូងមីសរីរាង្គ ៥៥,០០០ តោន ស្វាយចន្ទីសរីរាង្គ ៥០០ តោន និងសណ្ដែកដីសរីរាង្គ៣០ តោន នឹងគ្រោងធ្វើឡើងរវាងសហគមន៍កសិកម្មចំនួន៣២ក្នុងខេត្តព្រះវិហារ និងក្រុមហ៊ុនដៃគូសហការទាំងអស់ ខណៈដែលនៅឆ្នាំ២០២១ កន្លងមកនេះ យើងមានកសិផលសរុប ៣៤,៣៤៧តោន ត្រូវបានផលិត និងផ្គត់ផ្គង់តាមកិច្ចសន្យាពីកសិករប្រមាណជាង ៥,០០០ គ្រួសារ ក្នុងនោះរួមមាន៖ ស្រូវសរីរាង្គចំនួន១១,២៣០ តោន ដំឡូងមីសរីរាង្គ ២៣,០០០ តោន ចន្ទសរីរាង្គ ១០០ តោន និងសណ្ដែកដីសរីរាង្គ ១៧ តោន៕