ប្រទេសវៀតណាម៖ ក្រុមហ៊ុន Lotte Group ដែលជាក្រុមហ៊ុនធំទីប្រាំរបស់កូរ៉េខាងត្បូង កំពុងបង្កើនល្បឿននៃការពង្រីកនៅក្នុងឧស្សាហកម្មលក់រាយ និង F&B  (អាហារភេសជ្ជៈ) របស់ប្រទេសវៀតណាម ខណៈដែលក្រុមហ៊ុននេះ កំពុងដកខ្លួនចេញពីប្រទេសចិន។

កាសែត The Korea Times បានដកស្រង់សម្តីបុគ្គលិកក្រុមហ៊ុន Lotte ថា៖ ក្រុមហ៊ុនកំពុងដំណើរការយ៉ាងសកម្មនៅក្នុងប្រទេសវៀតណាម និងឥណ្ឌូនេស៊ីនាពេលបច្ចុប្បន្ន។ ជាពិសេសទីផ្សារវៀតណាម​ បង្ហាញពីការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងអាជីវកម្មលក់រាយ ហើយនៅតែមានឱកាសដើម្បីរីកចម្រើន។ ​កម្រិត​ប្រាក់​ចំណូល​របស់​ប្រជាជនវៀតណាម ​ក៏​មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ផង​ដែរ។

Lotte មានភោជនីយដ្ឋានអាហារ Lotteria ចំនួន 270 និងផ្សារទំនើប Lotte Mart ចំនួន 15 នៅក្នុងប្រទេសវៀតណាម។ ក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងទៀតរបស់ខ្លួនក៏កំពុងសាងសង់អគារផ្សារទំនើប និងផ្ទះល្វែងលំនៅដ្ឋាននៅទីក្រុងហាណូយ និងហូជីមិញផងដែរ។

លោក Shin Dong-bin ដែលទើបចេញពីពន្ធនាគារ គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម សម្រាប់ដំណើរធុរកិច្ចនៅក្រៅប្រទេសជាលើកដំបូង បន្ទាប់ពីទទួលបានការលើកលែងទោសពីប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃទី ១៥ ខែសីហា។ សារព័ត៌មាន Reuters បានរាយការណ៍ថា លោក Shin ត្រូវបានកាត់ទោសឱ្យជាប់គុក 30 ខែក្នុងសំណុំរឿងសូកប៉ាន់ដែលពាក់ព័ន្ធនឹងអតីតប្រធានាធិបតី Park Geun-hye និងបានជាប់ពន្ធនាគាររយៈពេល 7 ខែ៕