រាជធានីភ្នំពេញ៖ ក្រុមហ៊ុន HUAWEI បានទទួលការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យព័ត៌មានវិទ្យា តាមរយៈការអភិវឌ្ឍធនធានមនុស្ស នាំមកនូវបច្ចេកវិទ្យាចុងក្រោយបំផុតមកកម្ពុជា និងរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បណ្ដាញព័ត៌មានវិទ្យា និងតភ្ជាប់រវាងប្រជាជន និងប្រជាជន ប្រកបដោយសុវត្ថិភាព និងអធិបតេយ្យភាព នៅកម្ពុជា។

នេះបើតាមលទ្ធផលនៃឱកាសដែលសម្ដេចតេជោ នាយករដ្ឋមន្រ្តី ទទួលជួប លោក លីន បៃហ្វេង (Lin Baifeng) ប្រធានក្រុមហ៊ុន HUAWEI ប្រចាំតំបន់ប៉ាស៊ីហ្វិក កាលពីថ្ងៃទី​២៤ មីនា កន្លងទៅ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានស្វាគមន៍ និងលើកទឹកចិត្តដល់លោក លីន បៃហ្វេង ក្នុងការបន្តធ្វើការជាមួយ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។

ឆ្លៀតនៅក្នុងឱកាសនោះដែរលោក លីន បៃហ្វេង ក៏បានផ្តល់ជូនសម្ដេចតេជោនូវគ្រឿងបរិក្ខា ដែលមានជាក្តាដែលអាចសរសេរបាន ក្តាដែលអាចតភ្ជាប់ដើម្បីទំនាក់ទំនងតាមប្រព័ន្ធវីដេអូ ចំនួន១០០ និងកុំព្យូទ័រចំនួន ៥០០គ្រឿង សម្រាប់ប្រើប្រាស់តាមតម្រូវការ៕