ខេត្តព្រះសីហនុ៖ លោក Fumiaki Takahashi ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបង្ហាញពីគោលបំណងក្នុងការបណ្តាក់ទុនវិនិយោគ បង្កើតរោងចក្រគ្រឿងសម្អាងនៅខេត្តព្រះសីហនុ។
រោងចក្រគ្រឿងសំអាងនេះ នឹងត្រូវប្រើបច្ចេកទេសជប៉ុន និងវត្ថុធាតុដើម(សូត្រមាស) នៅកម្ពុជា ដើម្បី យកមកកែច្នៃធ្វើគ្រឿងសំអាង និងសាប៊ូ ដែលជាផលិតផលដែលកំពុងពេញនិយម។ ការលើកឡើងបែបនេះ ក្នុងឱកាសនៃជំនួបរវាងក្រុមធុរកិច្ចជប៉ុន ជាមួយរដ្ឋបាលខេត្តព្រះសីហនុ។
លោក Takahashi បានកោតសរសើរអំពីការអភិវឌ្ឍន៍របស់ខេត្តព្រះសីហនុលើគ្រប់វិស័យ ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន និងទេសចរណ៍។ លោក គួច ចំរើន អភិបាលខេត្ត ក៏បានជម្រាបជូន លោក Takahashi ស្តីពីការរួមចំណែកយ៉ាងសកម្មរបស់ប្រទេសជប៉ុន ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាលើវិស័យសុខាភិបាល អប់រំ និងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការពង្រីកកំពង់ផែស្វយ័តខេត្តព្រះសីហនុផងដែរ។
លោកអភិបាលខេត្តបានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលជប៉ុន បានជួយគាំទ្រក្នុងការកសាងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុកន្លង មកអាចឱ្យនាវាដែលមានជំរៅទឹក៩.៥០ម៉ែត្រចូលចត ហើយនៅឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានសមត្ថភាពអាចឱ្យនាវាដែលមានជំរៅទឹក១៣.៥០ម៉ែត្រចូលចតបាន ដែលធ្វើឱ្យខេត្តព្រះសីហនុមានលទ្ធភាពក្រកួតប្រជែងតម្លៃដឹកជញ្ជូនតាមផ្លូវទឹក។
ប្រទេសជប៉ុនបានជួយកម្ពុជាលើវិស័យជាច្រើនទៀតមានដូចជា សុខាភិបាល អប់រំ ។ល។ ហើយតាមរយៈនៃការធ្វើទស្សនកិច្ចនេះ សង្ឃឹមថាគណ:ប្រតិភូនឹងជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ ទៅកាន់ប្រជាពលរដ្ឋជប៉ុន និងអ្នកវិនិយោគជប៉ុនឱ្យមានការចាប់អារម្មណ៍មកទេសចរណ៍ និងធ្វើការវិនិយោគនៅខេត្តព្រះសីហនុកាន់តែច្រើនឡើង៕