ខេត្តបាត់ដំបង៖ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និដឹកជញ្ជូន ផ្ដើមចុះសិក្សាលទ្ធភាពដំឡើងទីតាំង ស្ថានីយសាករថយន្តអគ្គិសនីនៅខេត្តបាត់ដំបង និងសៀមរាប ត្រៀមខ្លួនឆ្លើយតបទៅនឹងអគ្គិសនីភាវូបនីយកម្មនៃយានយន្ត ដើម្បីអនាគតបៃតងសម្រាប់កម្ពុជា នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ។
ការចុះពិនិត្យនេះធ្វើឡើងស្របទៅតាមការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់ នៃរថយន្តដើរដោយថាមពលអគ្គីសនី (Electric Vehicles) ក្នុងការចូលរួមចំណែកដល់កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស និងការធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏ធ្លាប់លើកឡើងថា៖ យើងត្រូវធានាឱ្យមានហេដ្ឋារចនាសម្ព័ន្ធទាំងមូលសម្រាប់ EVs នៅកម្ពុជា។ ក្នុងនោះរួមមាន ស្ថានីយសាករថយន្តអគ្គិសនី កន្លែងផ្តល់សេវា គ្រឿងបន្លាស់ បុគ្គលិកទទួលការបណ្តុះបណ្តាល និងកន្លែងបោះចោលអាគុយ និងធានាថា EVs ដែលនាំចូលមកកម្ពុជាមានគុណភាពល្អ។
សូមជម្រាបជូនថា UNDP គ្រោងផ្តល់ជូនស្ថានីយសម្រាប់សាកយានយន្តដើរដោយថាមពលអគ្គិសនីចំនួន៥ទីតាំង នៅតាមបណ្ដារាជធានី-ខេត្ត តាមការស្នើសុំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ដែលក្នុងនោះ២ទីតាំងនៅក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាប៕