រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការ ក្រសួង ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលកំណល់ទ្រទំនិញ ដែលជាជំនួយអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈក្រសួងដែនដី ហេដ្ឋារចនា សម្ព័ន្ធ និងដឹកជញ្ជូន ជូនក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ និងភាគីពាក់ព័ន្ធ។
ថ្លែងក្នុងសន្ទរកថាស្វាគមន៍នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា៖ កំណល់ទ្រ ទំនិញចំនួន២០០០ឈុត ដែលត្រូវប្រគល់ជូនក្រសួងសាធារណការ និងដឹកជញ្ជូននាពេលនេះ គឺជាជំនួយអភិវឌ្ឍន៍ផ្លូវការសម្រាប់គម្រោងផែនការមេភស្តុភារកម្មស្តីពីការធ្វើទំនើបកម្មប្រព័ន្ធភស្តុភារកម្ម និងប្រព័ន្ធកុំព្យូទ័រភស្តុភារកម្ម និងត្រូវផ្ដល់ជូនទៅអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងដែលរួមមាន៖ កំពង់ផែស្វ័យតក្រុងព្រះសីហនុ កំពង់ផែស្វ័យតភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត-អូរនាង ដើម្បីប្រើប្រាស់នៅក្នុងឃ្លាំង ក៏ដូចជាដើម្បីចូលរួមក្នុងការសិក្សាអំពីការប្រើប្រាស់កំណល់ទ្រទំនិញស្តង់ដា ក្រោមការត្រួតពិនិត្យរបស់ក្រសួង។
ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា៖ ការផ្ដល់កំណល់ទ្រទំនិញពីភាគីកូរ៉េនេះ គឺជាផ្នែកមួយនៃការ សិក្សានៃគម្រោងផែនការមេកម្ពុជាឆ្នាំទី១ស្តីពីការទំនើបកម្មប្រព័ន្ធភស្តុភារកម្ម និងគម្រោងសាកល្បងនៃ ប្រព័ន្ធកុំព្យូទ័រភស្តុភារកម្ម ដែលកំពុងត្រូវបានអនុវត្តដោយអគ្គនាយកដ្ឋានភស្តុភារកម្ម ក្រសួងសាធារណ ការ និងដឹកជញ្ជូន ក្រោមការគាំទ្រពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ និងវិទ្យាស្ថានស្រាវជ្រាវកូរ៉េ KRIHS។
គួរកត់សម្គាល់ផងដែរថា៖ ពិធីនៃការប្រគល់-ទទួលកំណល់ទ្រទំនិញនេះតំណាងឱ្យកិច្ចសហប្រតិបត្តិការកំពុងបន្ត រវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជាលើការអភិវឌ្ឍវិស័យពាក់ព័ន្ធ ជាពិសេសវិស័យភស្តុភារកម្មនៅកម្ពុជា និងបញ្ហាប្រឈមជាសកលមិនធ្លាប់កើតមាននៃការរាតត្បាតជំងឺកូវីដ-១៩៕