រាជធានីភ្នំពេញ៖  ថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២ នៅទីស្តីការ ក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីគម្រោងរៀបចំអភិវឌ្ឍកម្មវិធី (App)សម្រាប់តាមដាន គ្រប់គ្រងព័ត៌មាន ប្រវត្តិ នៃការអនុវត្តគម្រោងសាងសង់ វាយតម្លៃមធ្យោបាយនៃអនុវត្តគម្រោងនៅតាមការដ្ឋាន ដោយមានការ ចូលរួមពីថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ក្រុមការងារបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង និងមន្ត្រីជំនាញមកពី អង្គភាពក្រោមឱវាទក្រសួងផងដែរ។

សូមជម្រាបជូនថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិនិត្យលទ្ធភាពអភិវឌ្ឍកម្មវិធី(App) មួយដែលមានឈ្មោះថា៖ គម្រោង PR Care ក្នុងគោលបំណងតាមដាន គ្រប់គ្រងព័ត៌មាន ប្រវត្តិនៃការអនុវត្តគម្រោងសាងសង់ វាយតម្លៃមធ្យោបាយនៃអនុវត្តគម្រោងនៅតាមការដ្ឋានដូចជាធនធានមនុស្ស សម្ភារៈគ្រឿងចក្រ តាមដានរបាយការណ៍វឌ្ឍនភាពការងារសម្រេចបានប្រចាំខែ ប្រកបដោយប្រសិទ្ធភាពចាប់តាំងពីការដំណើរការបើកការដ្ឋានសាងសង់រហូតដល់ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារបច្ចេកវិទ្យាព័ត៌មាន របស់ក្រសួងជួយពិនិត្យ កែសម្រួល និងសហការឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីឱ្យដំណើរការ នៃការអភិវឌ្ឍកម្មវិធីនេះអាចសម្រេចបានជោគជ័យតាមការគ្រោងទុក និងអាចដាក់ឱ្យដំណើរការដើម្បី ជួយសម្រួលដល់ការងារតាមដាន និងគ្រប់គ្រងការងារសាងសង់ និងជួសជុលថែទាំផ្លូវប្រកបដោយ ប្រសិទ្ធភាពខ្ពស់៕